ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកបង្ហាញពីការរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅ លើការងារអប់រំកាយនិងកីឡាចំនួន ៤ ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡា ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថាៈ កំណែទម្រង់ស៊ីជម្រៅ ៤ ចំណុចនេះ រួមមាន ១.ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា។ ២.ការបណ្ដុះបណ្តាលធនធានមនុស្ស។ ៣.ការកែលម្អរចនាសម្ព័ន្ធការប្រកួត និង៤.ការពង្រឹង និងគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ។

ចំពោះ សមិទ្ធផលសំខាន់ៗ ដែលទទួលបានរួមមានៈ
ទី១.ក្រសួង បានធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកា ទៅសហព័ន្ធកីឡាជាតិចំនួន ៤២ សហព័ន្ធ ចាប់ពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២២ នេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡា ដែលមានក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

ទី២. ក្រសួង បានផ្ទេរមុខងារ ដល់រាជធានីខេត្តក្នុងការរៀបចំប្រកួតកីឡា គ្រប់ប្រភេទ នៅថ្នាក់ក្រោមជាតិ។ ដោយឡែក ថ្នាក់ជាតិទទួលបន្ទុករៀបចំ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ, មធ្យមសិក្សាថ្នាក់ជាតិ, ឧត្តមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាជាតិ។ ចំណែកឯ សហព័ន្ធកីឡាជាតិ ទទួលបន្ទុកការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។

ទី៣.មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសហការជាមួយ សហព័ន្ធកីឡាជាតិ ធ្វើការ
បណ្តុះបណ្តាល ក្រុមកីឡាជម្រើសជាតិថ្នាលស្របតាមផែនការមេ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលក្នុងឆ្នាំ២០២២ មាន ៣៨ ប្រភេទកីឡា ដែលមានកីឡាករ ចំនួន ១.០៣៦ នាក់, ស្រី ២៨៤នាក់។

ទី៤.ក្រសួង បានផ្ដល់ឱកាសឱ្យសហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួតជាលក្ខណៈ
អន្តរជាតិ នៅក្នុងប្រទេស ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង ក្នុងការរៀបចំការប្រកួតកម្រិតអន្តរជាតិ, វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីកម្រិតអន្តរជាតិ ក្នុងតំបន់និងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ តាមប្រភេទកីឡា។

ទី៥.កីឡាករ កីឡាកាវិនីកម្ពុជា ដែលបានចូលរួមការប្រកួតកម្រិតតំបន់, អាស៊ី, និងពិភពលោក ទទួលបានបទពិសោធន៍ ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡា ជាពិសេសកីឡាករ កីឡាការិនីកម្ពុជា ទទួលបានមេដាយជាច្រើន គួរឱ្យកត់សម្គាល់។

លទ្ធផលនៃ កំណែទម្រង់ស៊ីជម្រៅចម្បងៗទាំងនេះ បានជំរុញឲ្យវិស័យកីឡា មានការរីកចម្រើន និងទទួលបាន នូវមេដាយកម្រិតពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់៕/V-PC