ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ អាជ្ញាធរបាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានទទួលការព្យាបាលជាបន្ទាន់ បន្ទាប់ពីទូកដឹកមនុស្សជិត ២០០នាក់បានចូលចតក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទទី២៦ធ្នូនៅក្នុងការចូលចតបែបនេះជាលើកទីបួននៅក្នុងប្រទេសនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកាន់សាសនាព្រះពុទ្ធភាគច្រើនបានប្រថុយជីវិតរបស់ពួកគេក្នុងការធ្វើដំណើរតាមសមុទ្រដ៏ថ្លៃនិងដ៏យូរ ដែលជាញឹកញាប់តាមទូកគុណភាពអន់ ក្នុងការប៉ុនប៉ងទៅកាន់ប្រទេសម៉ាឡេស៊ីឬឥណ្ឌូនេស៊ី។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់លោក វីណាឌី (Winardy)បាននិយាយថា ទូកឈើបានមកដល់នៅម៉ោងប្រហែល ៥៖៣០ ល្ងាចនៅឆ្នេរមួយក្នុងខេត្តអាចេ (Aceh)ចុងភាគខាងលិចរបស់ឥណ្ឌូនេស៊ី។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា១៨៥នាក់បានចូលចតនៅស្រុកភីឌី (Pidie)។ តួលេខគឺបុរស៨៣នាក់ ស្ត្រី៧០នាក់ និងកុមារ៣២នាក់”។ជនភៀសខ្លួនទាំងនោះត្រូវបានផ្តល់ជម្រកបណ្ដោះអាសន្ននៅឯមណ្ឌលមួយក្នុងស្រុក ដោយបុគ្គលិកសុខាភិបាលកំពុងព្យាបាលអ្នកឈឺ។
យោងតាមអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អ្នកខ្លះហាក់ទន់ខ្សោយនិងស្គមខ្លាំង ហើយត្រូវបានបន្តោងសេរ៉ូមដោយបុគ្គលិកពេទ្យ។
បុគ្គលិកសុខាភិបាលម្នាក់បានប្រាប់ AFP ថា អ្នកខ្លះ “ទទួលរងការខះជាតិទឹកធ្ងន់ធ្ងរ។ កុមារខ្លះក្អួត”។
ព័ត៌មានលម្អិតអំពីរយៈពេលនិងស្ថានភាពនៃការធ្វើដំណើររបស់ពួកគេមិនអាចរកបានភ្លាមៗនោះទេ ប៉ុន្តែយុវជនដែលមកដល់ម្នាក់បាននិយាយថា ពួកគេបានចេញដំណើរពីប្រទេសបង់ក្លាដែស។
អ៊ូម៉ា ហ្វារូក (Umar Faruq) អាយុ ១៤ ឆ្នាំបាននិយាយថា “ពួកយើងមកពីជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែសក្នុងក្តីសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងផ្តល់ឱ្យយើងនូវឱកាសនៃការអប់រំ”។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១៨៥នាក់ត្រូវបានព្យាបាលភ្លាមៗកាលពីថ្ងៃចន្ទនៅខេត្តអាឆេរបស់ឥណ្ឌូនេស៊ី
កាលពីថ្ងៃអាទិត្យជនអ៊ីស្លាមរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលហេវហត់និងខ្សោយត្រូវបានប្រទះឃើញនៅលើឆ្នេរមួយក្នុងខេត្តអាចេបន្ទាប់ពីពួកគេធ្វើដំណើរផ្សងព្រេងក្នុងសមុទ្រអស់ពេលរាប់សប្តាហ៍។ក្រុមជនភៀសខ្លួនដែលមានបុរសសុទ្ធ៥៨នាក់នេះ បានទៅដល់ឆ្នេរអ៊ីនដ្រាប៉ាត្រា(Indrapatra)នៃភូមិនេសាទឡាដុង(Ladong)កាលពីដើមថ្ងៃអាទិត្យ ។ពួកអ្នកភូមិដែលបានឃើញពួកគេនៅលើទូកឈើមួយបានជួយពួកគេអោយឡើងគោកនិងបន្ទាប់មករាយការណ៍ទៅអាជ្ញាធរ។
មន្ត្រីឥណ្ឌូនេស៊ីម្នាក់បាននិយាយថា ពួកគេមើលទៅខ្សោយនិងខ្សត់ជាតិទឹក ដោយខ្លះឈឺក្រោយការធ្វើដំណើរក្នុងសមុទ្រដ៏យូរ។ក្រោយទទួលទឹកនិងអាហារពីអ្នកភូមិ ពួកគេនៅរង់ចាំការណែនាំពីផ្នែកអន្តោប្រវេសន៍និងមន្ត្រីមូលដ្ឋាន។
សូមបញ្ជាក់ថា ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅកាន់បណ្តាជំរំនៅបង់ក្លាដែសចាប់តាំងពីខែសីហាឆ្នាំ២០១៧ នៅពេលយោធាមីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបក្នុងការឆ្លើយតបនឹងការវាយប្រហារដោយក្រុមឧទ្ទាមអ៊ីស្លាមមួយនៅក្នុងតំបន់ជនរ៉ូហ៊ីងយ៉ារស់នៅ៕