ដោយ: ពៅនិមល / ភ្នំពេញ៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន ដោយមានការចូលរួមពី លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូប។

នៅក្នុងពិធីបើកការប្រកួតនេះ លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានណែនាំ កីឡាករ-កីឡាការិនីទាំងអស់ ត្រូវឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ព្រមទាំងត្រូវមានការយោគយល់គ្នា គោរពឱ្យបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

លោកក៏បានស្នើដល់មន្រ្តី គណៈកម្មការបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះប្រតិភូដឹកនាំ ក្រុមកីឡាទោចក្រយានទាំងអស់ ក្នុងកិច្ទសហការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះ ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេស អាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំ ព្រឹត្តិការណ៍ប្រកួតខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

លោកបានបញ្ជាក់ថាៈ នេះជាការប្រកួត ប្រចាំឆ្នាំចុងក្រោយហើយ មុននឹងដល់ពេលដែល ប្រទេសយើង ធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេល ខាងមុខនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ចំនួនពីរចំណុចគឺ៖ ទី១ -ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះ មេដាយ ឬឈ្នះមេដាយតិចក្តី ទី២ -ការឈ្នះមេដាយគឺត្រូវតែត្រឹមត្រូវ និងយុត្តិធម៌ មិនត្រូវចង់ ឈ្នះមេដាយ ដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួត ឡើយ។

សូមបញ្ជាក់ថា ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា ក្នុងពេលខាងមុខ៕ V / N

រូបភាព៖  ( ក្រសួងពាណិជ្ជកម្ម )