ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានប្តេជ្ញាបំផ្លាញចោលប្រព័ន្ធកាំជ្រួចស្ទាក់កំទេចទំនើបធុនភែតធ្រៀត(Patriot)ដែលអាម៉េរិកនឹងបញ្ជូនអោយអ៊ុយក្រែន។លោកថា១០០ភាគរយ កងកម្លាំងរបស់លោកអាចកំទេចប្រព័ន្ធសព្វាវុធមួយឈុតថ្លៃ៦លានដុល្លារនេះ។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ លោកទំនងជាមិនញញើតអីបន្តិចសោះនៅពេលត្រូវបានសួរអំពីប្រព័ន្ធការពារដែនអាកាសថ្មីដែលអាម៉េរិកនឹងផ្តល់អោយអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីនិយាយថា កងកម្លាំងរបស់លោក១០០ភាគរយអាចបំផ្លាញចោលប្រព័ន្ធប្រឆាំងយន្តហោះតំលៃ៦លានដុល្លារនេះ
ពាក់ព័ន្ធការផ្តល់ប្រព័ន្ធកាំជ្រួចទំនើបដែលអាចស្ទាក់កំទេចទាំងយន្តហោះ ដ្រូននិងកាំជ្រួចហោះចូលមកនេះ លោកពូទីនបាននិយាយថា«ពិតណាស់ យើងអាចកំទេចវា ១០០ភាគរយ!»។
យោងតាមគេហទំព័រវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «ប្រព័ន្ធកាំជ្រួចPatriotនេះអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចស្រេចទៅហើយ។អោយពួកគេធ្វើទៅ រួចយើងនឹងបោសសម្អាតវាចោលទាំងអស់»។
ពូទីន បានចោទប្រកាន់គូប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសលោកថាមានបំណងហែករុស្ស៊ី គឺរុស្ស៊ីប្រវត្តិសាស្ត្រ ជាចំរៀកៗ។លោកប្រើពាក្យ«រុស្ស៊ីប្រវត្តិសាស្ត្រ»ចង់និយាយថាប្រជាជនអ៊ុយក្រែននិងរុស្ស៊ីជាប្រជាជនតែមួយ ដែលវារំលោភអធិបតេយ្យភាពអ៊ុយក្រែននិងធ្វើអោយទៅជាស្របច្បាប់សង្គ្រាមចំណាស់ដប់ខែរបស់លោកនៅអ៊ុយក្រែន។
លោកថា «បំបែកហើយកំចាត់ នេះជាអ្វីដែលពួកគេតែងតែស្វះស្វែងធ្វើអោយសំរេចបាននិងកំពុងប្រឹងប្រែងធ្វើវា។តែគោលដៅរបស់យើងផ្សេង វាគឺត្រូវបង្រួបបង្រួមប្រជាជនរុស្ស៊ី»។
លោកក៏បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានធ្វើក្នុងទិសដៅត្រឹមត្រូវ…«ដើម្បីការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ពលរដ្ឋរបស់យើង»។
បើតាមសារព័ត៌មានលោកខាងលិច ទាហានរុស្ស៊ីដល់ទៅជាង១០០.០០០នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមដប់ខែមកនេះ និងរថក្រោះរុស្ស៊ីប្រមាណពាក់កណ្តាលត្រូវបានបំផ្លាញចោល ខណៈដែលគ្រាប់រំសេវប្រើស្ទើរអស់ពីឃ្លាំង។
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងគៀវបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួននឹងមិនឈប់ប្រយុទ្ធទេដរាបណាទាហានរុស្ស៊ីនៅមិនទាន់វាយបណ្តេញចេញពីទឹកដីអ៊ុយក្រែនអស់។ចំណែករដ្ឋាភិបាលរបស់វិមានក្រឹមឡាំងក៏បានបញ្ជាក់ហើយថា ខ្លួនបើកចំហរសំរាប់ការចរចាបញ្ចប់សង្គ្រាម តែក្នុងលក្ខខណ្ឌដែលអ៊ុយក្រែនព្រមទទួលស្គាល់ទឹកដីដែលខ្លួនវាយកាន់កាប់និងដាក់ជាឧបសម្ពន្ធនោះជាផ្នែកនៃទឹកដីរុស្ស៊ី៕