ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកលជើងឯកជាតិ សម្រាប់ឆ្នាំ
២០២២ បានចាប់ផ្ដើមហើយ។ នេះជាការប្រកួត ដោយប្រើប្រាស់ថវិការបស់ ក្រសួងអប់រំ យុវជន និង កីឡា។ តាមពិត ការប្រកួត បានចាប់ផ្ដើមតាំងពីថ្ងៃទី២៦ ធ្នូ មកម្ល៉េះ ហើយនឹងបញ្ចប់ នៅថ្ងៃទី២៩ ធ្នូ។ ការប្រកួត មានកីឡាករចំនួន ៩១ រូប និងកីឡាការិនីចំនួន ៨រូប ដែលមានក្លិបចំនួន ១៦ ចូលរួម ក្នុងនោះមាន ៤ ក្លិប មកពីខេត្តគឺ ខេត្តកណ្ដាល ព្រៃវែង ខេត្តកំពត និងខេត្តមណ្ឌលគីរី។

នៅថ្ងៃដំបូង ការប្រកួតមានចំនួន ២៣ គូ ដែលគូប្រកួត គួរឲ្យចាប់អារម្មណ៍នោះគឺ ម៉ាង ព្រហ្មម៉ាញ មកពីក្រសួងមហាផ្ទៃ ឈ្នះដោយស្វ័យប្រវត្តិ លើអ្នកប្រដាល់ជើងខ្លាំង វី សុភ័ស ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអវត្តមាន។ គូនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម។ ណាត សៀកនិន ក្លិបក្រសួងការពារជាតិ ឈ្នះ ប្រេស លួង ក្លិបសុភានូយុវជន វាលស្បូវ ទឹកទី១។ គូនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ ទម្ងន់ ៦៣,៥០ គីឡូក្រាម វ៉ែន រដ្ឋា ក្លិបរាជធានីភ្នំពេញ ឈ្នះ ស៊ឹម ប្រុសពេជ្រ ក្លិបឃ្លាំងមឿងនៅទឹកទី១។

ចំពោះ កីឡាការិនី ដែលមាន ៤ គូនោះ សុខ ទីកាទីកា ក្លិបអារុណរះកីឡា ចាញ់ ផល រតនា ក្រសួងមហាផ្ទៃ នៅទឹកទី១ គូនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ ប្រកួតក្នុងប្រភេទ ទម្ងន់ ៥៤ គីឡូក្រាមដែរនោះ សាក់ កានីកា ក្លិបព្រែកឯងកីឡា ចាញ់ ចាន់ វិច្ឆិកាក្លិបសរ សីកីឡានៅទឹកទី១។

ជួយ ជិនមួយ ក្រសួងមហាផ្ទៃ អវត្តមាន ត្រូវបានកំណត់ឲ្យចាញ់កីឡាការិនីវី ស្រី ស្រស់
ដោយស្វ័យប្រវត្តិ។ គូនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ សាក់ ស្រីពេជ្រ ក្លិបអារុណរះកីឡា ឈ្នះ សាក់ រតនា ក្លិបព្រែកឯងនៅទឹកទី១។

សម្រាប់ថ្ងៃទី២៧ ធ្នូ នេះ មានការប្រកួតចំនួន ១១ គូ លើ ៣ ប្រភេទទម្ងន់។ នេះជាការប្រកួត
ស្វែងរកកីឡាករ កីឡាការិនីខ្លាំងៗ សម្រាប់បញ្ចូលក្នុង ក្រុមជម្រើសជាតិ៕/V-PC