ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋ នៅភូមិកណ្តាល សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានមុខរបរ ឆ្អើរត្រី និងធ្វើប្រហុក បានត្រៀមរៀបចំរួចរាល់អស់ហើយ ដោយរង់ចាំតែខ្នើត ត្រីចុះមកដល់ ក្នុងនោះ មានរោងឆ្អើរត្រីធំៗជាច្រើនកន្លែង និងមានរោងខ្លះ បាននិងកំពុងដាក់ឆ្អើរត្រី បណ្តើៗហើយ ខណៈថ្ងៃនេះ គឺជាខ្នើតទី២ នោះ។

ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រី ឈ្មោះ លាក់ បានឲ្យដឹងនៅព្រឹកនេះថាៈ ត្រីដែលពួក គាត់ទិញយកមកឆ្អើរ នៅថ្ងៃនេះ សុទ្ធតែជាត្រីប្រភេទកន្ទាប់ភ្លុក ដែលពួកគាត់ទិញចូល យកមកដោតឆ្អើរ មានតម្លៃមួយគីឡូ ៦.៥០០ រៀល ក្នុងនោះ ថ្លៃឈ្នួលដោត ១០០ ចង្កាក់ ថ្លៃ ៦.០០០ រៀល អូសសម្រាប់ឆ្អើរត្រី មួយម៉ែត្រ ២.៥០០ រៀល ពេលនេះ គាត់ទិញត្រីយកមក ឆ្អើរបណ្តើៗ ដើម្បីត្រៀមចាំឈ្មួញ ចូលមកទិញ ។

គាត់បានបញ្ជាក់ឲ្យដឹងទៀតថាៈ ក្នុងខ្នើតទី២ នេះ មិនទាន់មានឃើញត្រីប្រហុក ឬត្រីធ្វើផ្អក ត្រីឆ្អើរ នៅឡើយទេ ព្រោះជាខ្នើតដំបូង អីចឹង ពួកគាត់រង់ចាំមើលខ្នើតទី៣ និងទី៤ បន្តទៀត តែទោះបីជាយ៉ាងណាក៍ដោយ ឆ្នាំនេះ ទឹកធំ ទិន្នផលត្រី ប្រហែលជាច្រើនជាងឆ្នាំមុនៗ ដែលមានទឹកតូច ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ នេះ បានឱ្យដឹងតាមទូរស័ព្ទថាៈ ពេលនេះ ត្រីសម្រាប់ធ្វើ ប្រហុក ផ្អក មិនទាន់មាននៅឡើយទេ ជាទូទៅ ថ្ងៃនេះ ជាថ្ងៃទីពីរ នៃខ្នើតដំបូង ក្នុងនោះយើង រង់ចាំមើលនៅថ្ងៃស្អែកទៀត ដែលជាខ្នើតទី៣ ។

តែទោះជាយ៉ាងណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋជិតឆ្ងាយ សូមមេត្តាត្រៀមចុះមកទិញត្រី សម្រាប់ធ្វើប្រហុក ផ្អក ដើម្បីទុកត្រៀមលក្ខណៈ សម្រាប់រដូវធ្វើស្រែវស្សា ផងដែរ៕ V / N