ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov)បានផ្តល់ឱសានវាទដល់អ៊ុយក្រែនកាលពីថ្ងៃចន្ទទី២៦ធ្នូឱ្យបំពេញសំណើរបស់រដ្ឋាភិបាលក្រុងមូស្គូ រួមទាំងការប្រគល់ទឹកដីដែលរុស្ស៊ីគ្រប់គ្រង ឬមិនអ៊ីចឹងទេកងទ័ពរបស់ខ្លួននឹងសម្រេចចិត្តលើបញ្ហានេះ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថាលោកបើកចំហសម្រាប់កិច្ចចរចា។
រដ្ឋាភិបាលក្រុងគៀវនិងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួនបានច្រានចោលការផ្តល់ជូនរបស់លោកពូទីនក្នុងការចរចាក្នុងពេលដែលកងកម្លាំងរបស់លោកបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែនដោយមីស៊ីលនិងគ្រាប់រ៉ុក្កែត ហើយរដ្ឋាភិបាលក្រុងមូស្គូនៅតែបន្តទាមទារឱ្យរដ្ឋាភិបាលក្រុងគៀវទទួលស្គាល់ការដណ្តើមកាន់កាប់របស់ខ្លួនលើទឹកដីអ៊ុយក្រែនមួយភាគប្រាំ។
ទីក្រុងគៀវនិយាយថា ខ្លួននឹងប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីដកចេញអស់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASSបានដកស្រង់សម្តីលោកឡាវរ៉ូវកាលពីថ្ងៃចន្ទថា “សំណើរបស់យើងសម្រាប់ការរំសាយកងទ័ពនិងការលុបបំបាត់ពួកណាស៊ីនិយមចេញពីទឹកដីដែលគ្រប់គ្រងដោយរបបនេះ ពោលគឺការលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ីចេញពីទីនោះ រួមទាំងទឹកដីថ្មីរបស់យើង ត្រូវបានដឹងយ៉ាងច្បាស់ចំពោះសត្រូវ”។
“ចំណុចសំខាន់គឺសាមញ្ញ ៖ បំពេញតាមសំណើសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ បើមិនដូច្នេះទេបញ្ហានឹងត្រូវសម្រេចដោយកងទ័ពរុស្ស៊ី”។
លោកពូទីនបានចាប់ផ្តើមការលុកលុយរបស់លោកនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយហៅវាថាជា “ប្រតិបត្តិការពិសេស” ដើម្បី “លុបបំបាត់ពួកណាស៊ី” និង “លុបបំបាត់យោធាចេញពីអ៊ុយក្រែន” ដែលលោកនិយាយថាជាការគំរាមកំហែងដល់រុស្ស៊ី។ រដ្ឋាភិបាលក្រុងគៀវនិងលោកខាងលិចនិយាយថា ការឈ្លានពានរបស់ពូទីនគ្រាន់តែជាការដណ្តើមយកទឹកដីរបស់ពួកចក្រពត្តិនិយមប៉ុណ្ណោះ។
ខណៈសង្គ្រាមបានឈានចូលដល់ខែទី ១១ របស់ខ្លួន កងកម្លាំងរុស្ស៊ីបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីរងបរាជ័យក្នុងសមរភូមិដ៏អាម៉ាស់៕
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ