ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនមានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅចុងខែកុម្ភៈ។
លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បាននិយាយថា អ៊ុយក្រែននឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានដើម្បីយកឈ្នះសង្គ្រាមនៅឆ្នាំ ២០២៣ ដោយបន្ថែមថា ការទូតតែងតែដើរតួនាទីសំខាន់ហើយកិច្ចប្រជុំកំពូលសន្តិភាពដ៏មានសក្តានុពលមួយអាចនឹងធ្វើឡើងនៅអង្គការសហប្រជាជាតិ ដោយមានអគ្គលេខាធិការលោក អង់តូនីញ៉ូ គូថេរ៉េស ជាអ្នកសម្រុះសម្រួលនៃការចរចា។
កិច្ចប្រជុំកំពូលសន្តិភាពដ៏មានសក្តានុពលនេះអាចធ្វើឡើងមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ ២០២២។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានកើតឡើងតែ២៤ម៉ោងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថាលោកត្រៀមខ្លួនអង្គុយចរចា។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Associated Press បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីនៅសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន លោក ឌីមីត្រូ គូឡេបា បាននិយាយថា លោក “ពេញចិត្តជាខ្លាំង” ចំពោះដំណើរទស្សនកិច្ចនេះនិងកិច្ចពិភាក្សា ដែលបានកើតឡើង។
លោកគូឡេបាបាននិយាយថា “រាល់សង្គ្រាមទាំងឡាយបញ្ចប់ដោយវិធីការទូត។ រាល់សង្គ្រាមបញ្ចប់ដោយសារសកម្មភាពដែលបានធ្វើឡើងនៅសមរភូមិនិងនៅតុចរចា។អង្គការសហប្រជាជាតិអាចជាកន្លែងដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ពីព្រោះនេះមិនមែនជាការកាន់ជើងចំពោះប្រទេសណាមួយនោះទេ។ នេះគឺអំពីការនាំអ្នករាល់គ្នាមកតុចរចា”។
លោកគូឡេបាក៏បាននិយាយផងដែរថា ប្រសិនបើរុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រុស្ស៊ីគួរតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតុលាការអន្តរជាតិជាមុនសិន។
លោកបាននិយាយថា “ពួកគេអាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើការនេះតាមវិធីនេះតែប៉ុណ្ណោះ”។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បាននិយាយសម្រាលផងដែរនូវការអត្ថាធិប្បាយរបស់អាជ្ញាធររុស្ស៊ីដែលថាពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបើទោះបីជាមានការលើកឡើងកាលពីថ្ងៃអាទិត្យពីលោក វ្ល៉ាឌីមៀ ពូទីន ថាពួកគេបានត្រៀមខ្លួនហើយក៏ដោយ។
លោកគូឡេបាបាននិយាយថា “ពួកគេនិយាយជាទៀងទាត់ថា ពួកគេត្រៀមខ្លួនសម្រាប់ការចរចា តែមិនមែនជាការពិតនោះទេពីព្រោះអ្វីគ្រប់យ៉ាងដែលពួកគេធ្វើនៅលើសមរភូមិបង្ហាញឱ្យឃើញផ្ទុយពីនេះទាំងអស់”៕
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា