ប្រែសម្រួលៈបំណង(Xinhua,Cgtn)៖ យន្តហោះដឹកអ្នកដំណើរផលិតដោយក្រុមហ៊ុនចិន C919បានសំរេចការហោះហើរសំរាប់វាយតំលៃនិងកែសម្រួលប្រព័ន្ធហោះហើរនិងសុវត្ថិភាពរបស់វាជាលើកដំបូងកាលពីថ្ងៃចន្ទ ដោយបានយន្តហោះបានចេញពីទីក្រុងសៀងហៃ និងចុះនៅអាកាសយានដ្ឋានក្រុងប៉េកាំង។
វាកត់សំគាល់ការចាប់ផ្តើមដំណើរការហោះហើរវាយតំលៃរយៈពេល១០០ម៉ោង ដែលនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២៣។ដំណើរការសាកល្បងនេះ ធ្វើឡើងដើម្បីបញ្ជាក់លើជំនឿចិត្តទៅលើយន្តហោះដឹកអ្នកដំណើរខ្នាតធំដំបូងរបស់ចិនសំរាប់ប្រតិបត្តិការពាណិជ្ជកម្ម គឺដើម្បីធានាទាំងសុវត្ថិភាពអ្នកដំណើរនិងប្រសិទ្ធភាពរបស់វា។
សូមបញ្ជាក់ថា C919 ជាយន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតនៅក្នុងស្រុកចិនជាលើកដំបូង។
ដំណើរការហោះហើរវាយតំលៃ១០០ម៉ោងនេះ នឹងនាំអោយគេឃើញយន្តហោះ C919ចុះចតនៅទីក្រុងចិនជាច្រើន រួមមានទីក្រុងប៉េកាំង ឆឹងឌូ(Chengdu) ស៊ីអាន(Xi’an)ហៃកូ(Haikou)និងឈីញដាវ(Qingdao)។
ក្រុមហ៊ុនអាកាសចរណ៍China Eastern Airlinesបាននិយាយថា អាកាសយានិក អ្នកបំរើការលើយន្តហោះនិងបុគ្គលិកថែទាំងជួសជុលបានបញ្ចប់ការហ្វឹកហាត់រួចហើយ និងការហ្វឹកហាត់សំរាប់បុគ្គលិកក្នុងមុខតំណែងសំខាន់ៗបានអនុវត្តរួចហើយដែរ។
លទ្ធផលនៃការហោះហើរវាយតំលៃនេះនឹងត្រូវពិនិត្យវាយតំលៃដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ហើយការចេញច្បាប់អោយដំណើរការយន្តហោះC919នេះអាចធ្វើទៅបានដរាបណាលទ្ធផលហោះហើរសាកល្បងនេះបង្ហាញថាល្អ។យន្តហោះនេះត្រូវរំពឹងថានឹងដាក់អោយដំណើរការផ្លូវការដោយក្រុមហ៊ុនChina Eastern Airlinesនៅពេលណាមួយក្នុងឆ្នាំ២០២៣៕
យន្តហោះC919ហោះសាកល្បងចេញពីទីក្រុងសៀងហៃទៅកាន់ក្រុងប៉េកាំងកាលពីថ្ងៃចន្ទ