ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីប្រគល់-ទទួល វ៉ាក់សាំងការពារ ជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដែលប្រារព្ធធ្វើឡើងក្រោមវត្តមាន លោករដ្ឋមន្រ្តី ឌិត ទីណា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណ រដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

លោករដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថាៈ កន្លងមក សាធារណរដ្ឋប្រជា មានិតចិន បានគាំទ្រវិស័យចិញ្ចឹមសត្វ ក្នុងនោះមានការលើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះរួមមាន កម្មវិធីឡជីវឧស្ម័ន អំណោយជាវ៉ាក់សាំង ការពារជំងឺឆ្លងសត្វ និងកម្មវិធីបណ្តុះបណ្តាលជាច្រើន។ លោកបានបន្តថាៈ នាពេលថ្មីៗនេះ យើងមានគម្រោងអាស៊ាន-ចិន ដែលនឹងគ្រោង សាងសង់មន្ទីរពិសោធន៍ រោគវិនិច្ឆ័យជំងឺសត្វ ថ្នាក់ជាតិ ជូនអគ្គនាយកដ្ឋានសត្វ និងផលិតកម្មសត្វ ព្រមទាំងបានចុះអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀង ចំនួន២ ក្នុងនោះរួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ លើបសុឱសថ វត្ថុធាតុជីវ បសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ និងការផ្តល់ជំនួយវ៉ាកសាំងសត្វ ចុះថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងពិធីនាឱកាសនេះ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថាៈ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ កន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជា លើវិស័យសំខាន់ៗ នៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្ត យ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។

លោកបានឲ្យដឹងទៀតថាៈ វ៉ាក់សាំងចំនួន ១លានកម្រិត ដែលផ្តល់ជូនកម្ពុជា ក្នុងពេលនេះ មានវ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសក្បាលគោក្របី សរុប ៥០ ម៉ឺនកម្រិត។ លោកសង្ឃឹមថាៈ វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមាន ក្នុងការអភិវឌ្ឍលើ វិស័យចិញ្ចឹមសត្វនៅកម្ពុជា។

ភាគីចិន បានលើកឡើងបន្តថាៈ ឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរិយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា។ ភាគីទាំងពីរ បានប្រកាសរួមគ្នា កំណត់ថា ឆ្នាំក្រោយ នឹងក្លាយទៅជាឆ្នាំមិត្តភាពចិន និងកម្ពុជា កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម មានសារសំខាន់ខ្លាំង នៅក្នុងកិច្ចសហប្រតិបត្តិការ ជាក់ស្តែង រវាងចិន និងកម្ពុជា។

លោកបានបន្ថែមថាៈ នៅដើមឆ្នាំថ្មីខាងមុខនេះ កិច្ចសហប្រតិបត្តិការ រវាងភាគីទាំង ពីរ នឹងមានភាពមមាញឹកខ្លាំង នៅខែមករា ភាគីទាំងពីរ នឹងធ្វើការនាំចេញម្រេច ទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២ នៃគម្រោងផែនការអភិវឌ្ឍ កសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជា ដើម្បីចាប់ផ្តើម ការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើរ របស់កម្ពុជា ដូចជា ផលិតផលត្រចៀកកម្ម ដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ។

លោកជឿជាក់ថាៈ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ និងការជំរុញដោយផ្ទាល់របស់ ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងការជំរុញយ៉ាងសកម្មរបស់ក្រសួងកសិកម្ម នៃប្រទេសទាំងពីរ។ ភាពទំលុះថ្មី នៃកសិកម្មចិន និងកម្ពុជា នឹងសម្រេចបាននូវ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មី មួយទៀត៕/V/R