ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ បានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ​សរុបមានចំនួន ៤៣៩.០៤៦ នាក់ ក្នុងនោះភ្ញៀវជាតិ មាន ៤០២.៣៤៧ នាក់ និងភ្ញៀវបរទេស មាន ៣៦.៦៩៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ១៩០.០១៥ នាក់, ខេត្តសៀមរាប ៧៦.០២២ នាក់, រាជធានីភ្នំពេញ ៣២.១៧៥ នាក់, ខេត្តកំពត ២៧.៦៨១ នាក់, ខេត្តបាត់ដំបង ១៩.៩៧០ នាក់, ខេត្តកំពង់ចាម ១៤.១៦១ នាក់ និងខេត្តកែប ១០.៨៧៨ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថាៈ ក្រៅពីភ្ញៀវទេសចរ ដែលបានដើរកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ខាងលើ ប្រជាពលរដ្ឋ ក៏បានប្រមូលផ្តុំគ្នាច្រើន នៅតាមផ្សារទំនើបនានា ដែលមានការតុប តែងលម្អបុណ្យគ្រីស្ដស្មាស់ ហើយកន្លែងខ្លះ ក៏មានការប្រគំតន្រ្តី និងកម្មវិធីកម្សាន្ត នានាផងដែរ។

លោករដ្ឋមន្ត្រី បានបន្តថាៈ វិស័យឯកជន បន្តមានសុទិដ្ឋិនិយម សម្រាប់ចរន្តភ្ញៀវ ទេសចរ នាចុងឆ្នាំ២០២២ នេះ ពិសេសការត្រៀមទទួលភ្ញៀវទេសចរ​សម្រាប់ពិធី បុណ្យឆ្លងឆ្នាំសាកល (Countdown) នៅចុងសប្តាហ៍នេះ។ រដ្ឋបាលរាជធានី -ខេត្ត បាននិងកំពុងរៀបចំតុបតែងលម្អ ក្នុងមូលដ្ឋានរបស់ខ្លួន រួមជាមួយការរៀបចំ កម្សាន្តសប្បាយនានា ដូចជាការប្រគុំតន្រី និងការបាញ់កាំជ្រួចអបអរសាទរជាដើម។

ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរពង្រឹងគុណភាព​ផលិតផលទេសចរណ៍ និងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសពិធីបុណ្យឆ្លងឆ្នាំ​សាកលនេះផងដែរ។

សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវទេសចរជាតិ ចំនួនប្រមាណ ១១,៦៤ លាននាក់ និងភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ ១,៩១ លាននាក់ ។

តាមការព្យាករណ៍ សម្រាប់ពេញមួយឆ្នាំ២០២២ នេះ យើងអាចនឹងទទួលបានភ្ញៀវ ទេសចរជាតិ សរុបប្រមាណ ១២,៥ – ១៣ លាននាក់ លើសពីផែនការ ដែលបាន កំណត់ក្នុងផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយដំណាក់កាល វិបត្តិជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងដល់ប្រមាណ ​២,២ លាននាក់ ក្នុងឆ្នាំ២០២២ នេះ៕/V-PC