ដោយៈ សុផល / ភ្នំពេញ៖ ក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា មានគម្រោងសំណង់ នៅទូទាំងប្រទេសចំនួន ៣.៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៦លាន ៥សែន​ម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគ ជាង ២.៦៣៤ លានដុល្លារ អាមេរិក។ នេះបើយោងតាមរបាយការណ៍ សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៧ ខែធ្នូនេះ។

របាយការណ៍ បានបង្ហាញថាៈ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ ក្នុងឆ្នាំ២០២២ នេះ បានថយចុះចំនួន ៩៨ គម្រោង ដែលមានចំនួន ៣.៩២៥ គម្រោង​និងមានផ្ទៃក្រឡាសំណង់ ចំនួន ១២លាន ៦សែន ម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគ ប្រមាណជាង ៥.២១០ លាន​ដុល្លារអាមេរិក ដែលមានការថយចុះ ៤៩,៤២%។

សម្រាប់សំណង់លំនៅឋាន មានចំនួន ៤.៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគ ប្រមាណជាង ១.៤១២ លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរី មានចំនួន ៣៥គម្រោង ស្មើនឹង ៩.៩១២ ខ្នង មានតម្លៃវិនិយោគប្រមាណ ៨២០ លានដុល្លារ ប្រភេទផ្ទះល្វែង មានចំនួន ៦.៦០៩ ល្វែង ក្នុងតម្លៃវិនិយោគ ប្រមាណ ៥៥៤ លានដុល្លារ និងអគារស្នាក់នៅ រួមមាន ចំនួន ៥១គម្រោង ដែលមានតម្លៃទុន វិនិយោគ ប្រមាណ ២២២ លានដុល្លារ។

ដោយឡែក សំណង់សណ្ឋាគារ មានចំនួន ២០ គម្រោង មានតម្លៃទុនវិនិយោគ ប្រមាណ ៧១ លានដុល្លារ សំណង់អគារពាណិជ្ជកម្ម មានចំនួន ១៨៥ គម្រោង មានតម្លៃទុនវិនិយោគ ប្រមាណ ៤៣៦ លានដុល្លារ សំណង់អគាររោងចក្រ មានចំនួន ១១៧ គម្រោង មានតម្លៃទុនវិនិយោគ ប្រមាណ ៥៣៣ លានដុល្លារ និងសំណង់អគារពហុមុខងារ មានចំនួន ៧ គម្រោង ដែលមានតម្លៃទុនវិនិយោគ ប្រមាណ ១៤៩ លានដុល្លារ៕/V-PC