ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កែវយឺតអវកាស James Webbបានបំភ្លឺឆ្នាំ ២០២២ ជាមួយនឹងរូបភាពដ៏អស្ចារ្យនៃចក្រវាលដំបូង បន្ទាប់ពីបន្ទុះ Big Bangដោយប្រកាសអំពីយុគសម័យថ្មីនៃតារាសាស្ត្រនិងការលាតត្រដាងដែលមិនអាចបរិយាយបានអំពីលោកធាតុក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
ឧបករណ៍សង្កេតដ៏មានឥទ្ធិពលបំផុតនេះគឺជាអ្នកស្នងតំណែងបន្តពីកែវយឹត Hubbleដែលនៅតែដំណើរការនៅឡើយ និងបានចាប់ផ្តើមបញ្ជូនរូបភាពលោកធាតុដំបូងរបស់ខ្លួនក្នុងខែកក្កដា។
លោក ម៉ាសស៊ីម៉ូ ស្ទីយ៉ាវែលលី (Massimo Stiavelli) ប្រធានការិយាល័យបេសកកម្មកែវយឹត Webb នៅវិទ្យាស្ថានវិទ្យាសាស្ត្រកែវយឺតអវកាស នៅទីក្រុងបាល់ទីម័រ (Baltimore) បាននិយាយថា “វាធ្វើបានប្រសើរជាងការរំពឹងទុកនៅស្ទើរគ្រប់វិស័យទាំងអស់”។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយរួចហើយថា កែវយឹត Webb ដែលឥឡូវធ្វើគោចរជុំវិញព្រះអាទិត្យនៅចម្ងាយ ១,៦ លានគីឡូម៉ែត្រពីផែនដី គួរតែមានអាយុកាល ២០ ឆ្នាំដែលខ្ពស់ជាងពីរដងនៃអាយុកាលធានារបស់វា។
លោកស្ទីយ៉ាវែលលីបាននិយាយថា “ឧបករណ៍នេះកាន់តែមានប្រសិទ្ធភាព អុបទិកកាន់តែច្បាស់និងមានលំនឹងជាងមុន។ យើងមានឥន្ធនៈច្រើនជាងមុន ហើយយើងប្រើប្រាស់ឥន្ធនៈតិចជាងមុន”។
លំនឹងគឺសំខាន់ណាស់សម្រាប់ភាពច្បាស់នៃរូបភាព។
ប្រមុខការិយាល័យបេសកកម្មនេះបានបន្ថែមថា “តម្រូវការរបស់យើងគឺស្រដៀងគ្នាទៅនឹងកែវយឹត Hubble ទាក់ទងនឹងភាពត្រឹមត្រូវនៃការចង្អុលទិសដៅ។ ហើយយើងបានបញ្ចប់ទៅដោយធ្វើបានប្រសើរជាងមុន ៧ ដង”។
ចំណង់សាធារណៈសម្រាប់ការរកឃើញផ្កាយថ្មីៗត្រូវបានផ្គាប់ចិត្តជាមួយពណ៌ធម្មជាតិដ៏ស្រស់ស្អាតនៃរូបភាពរបស់កែវយឹតនេះ។
ពន្លឺពីកាឡាក់ស៊ីឆ្ងាយបំផុតត្រូវបានលាតសន្ធឹងពីវិសាលគមដែលអាចមើលឃើញដោយភ្នែកទទេរហូតដល់ពន្លឺអ៊ីនហ្វ្រារ៉េដ ដែលកែវយឹត Webb ត្រូវបានបំពាក់ដើម្បីសង្កេតជាមួយនឹងគុណភាពបង្ហាញច្បាស់ថ្លាមិនធ្លាប់មានពីមុនមក។
នេះអាចឱ្យកែវយឹតនេះរកឃើញពន្លឺភ្លឺច្បាស់បំផុតពីចក្រវាលដ៏សែនឆ្ងាយក្នុងកម្រិតរូបភាពច្បាស់មិនធ្លាប់មានពីមុនមក ដែលអាចមើលធ្លុះដល់វាំងននធូលីដែលបានបិទបាំងការកកើតផ្កាយនៅក្នុងកញ្ចុំផ្កាយនេប៊ូឡា (Nebula) និងវិភាគបរិយាកាសនៃភពក្រៅ ដែលធ្វើគោចរជុំវិញព្រះអាទិត្យរបស់វានៅខាងក្រៅប្រព័ន្ធសុរិយគតិរបស់យើង៕
រូបភាពផ្កាយនៅឆ្ងាយៗ ដែលថតបានដោយកែវយឹត Webb ក្នុងឆ្នាំ ២០២២