ដោយៈសុផល/ភ្នំពេញ៖ សិក្ខាសាលាមួយស្តីពី «ការជជែកពិភាក្សារបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគី ស្តីពីការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង»បានត្រូវរៀបចំឡើងនាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន ការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធ និងអប់រំការយល់ដឹងជាសាធារណៈ ក្នុងការឆ្លើយតបផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាសកល ជាពិសេសនៅក្នុងប្រទេសកម្ពុជា។

នៅក្នុហកម្មវិធីសិក្ខាសាលានេះ តំណាងយុវជនពីរនាក់ ដែលយុវជនម្នាក់មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្នាក់ទៀតមកពី សាកលវិទ្យាល័យកម្ពុជា បានចូលរួមជជែកដេញដោលស៊ីជម្រៅពីវិសាលភាពនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ការលើកឡើងពីដំណោះស្រាយ រួមជាមួយនឹងសកម្មភាពរបស់ភាគីពាក់ព័ន្ធសំខាន់ៗ។ ក្រោយពីការជជែកដេញដោលរបស់យុវជន កិច្ចពិភាក្សាពហុភាគីមួយបានបន្ត ដោយមានការចូលរួមពីតំណាង ក្រសួងបរិស្ថាន និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)។

បន្ទាប់ពីការជជែកដេញដោលរបស់យុវជន កិច្ចពិភាក្សាពហុភាគីបានបន្ត ក្រោមប្រធានបទ «សកម្មភាពបម្រែបម្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង»។ ភាគីសំខាន់ៗរួមមាន ក្រសួងបរិស្ថាន អង្គការMekong Strategic Capital និង គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា បានផ្តោតលើអន្តរាគមន៍ផ្សេងៗដែលកំពុងអនុវត្ត ដើម្បីគាំទ្រការកាត់បន្ថយហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តួនាទីភារកិច្ច របស់គ្រប់គ្នាដើម្បីគាំទ្រដំណើរការនេះ ការពាក់ព័ន្ធរបស់ធនាគារ និងការបញ្ជ្រាបសកម្មភាពអាកាសធាតុ នៅក្នុងស្ថាប័ន ហិរញ្ញវត្ថុ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា វាជាការលើកទឹកចិត្តមួយ ដែលឃើញកម្ពុជាយើងបានបង្កើតថាមពលព្រះអាទិត្យ និងកាត់បន្ថយថ្លៃការប្រើប្រាស់ចរន្តអគ្គិសនីរហូតដល់ទៅពីរភាគបី ស្របពេលដែលកម្ពុជាកំពុងផ្លាស់ប្តូរចេញពីការពឹងផ្អែកអស់ពេលយ៉ាងយូរលើថាមពលធ្យូងថ្ម និងវារីអគ្គិសនី។ ការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានដំណោះស្រាយប្រកបដោយចីរភាព ហើយវាអាចកើតឡើងបាននៅពេលដែលគ្រប់តួអង្គ រួមមានរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍនានា និងប្រជាពលរដ្ឋទាំងអស់ ចូលរួមពួតដៃគ្នា នាំយកនូវធនធានចាំបាច់ ដើម្បីវិនិយោគលើដំណោះស្រាយ ដែលជួយឱ្យកម្ពុជាកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈថវិកាវិនិយោគលើផលិតកម្មថាមពលករកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម និងជួយដល់សហគមន៍ ឱ្យបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបានអះអាងថា “យើងខ្ញុំសូមអំពាវនាវ មិនត្រឹមតែជាការប្តេជ្ញានយោបាយ ប៉ុន្តែជាការវិភាជន៍ថវិកា ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ និងការបន្ស៊ាំទាំងឡាយ និងសហប្រតិបត្តិការចំណោមតួអង្គទាំងអស់” ។

យុវជន ង៉ិល សម្បត្តិ អ្នកសម្របសម្រួលការជជែកដេញដោលរបស់យុវជន បានលើកឡើងថា “កុមារ និងយុវជនបានធំលូតលាស់ឡើង ដោយការខំអត់ធន់ ទ្រាំទ្រ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយពួកគេជាជនរងគ្រោះរយៈពេលវែង នៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជាតួអង្គសំខាន់ផងដែរ។ ហេតុដូច្នេះ ពួកគេគួរត្រូវបានចូលរួមផ្តល់ទស្សនៈរបស់ខ្លួន ដើម្បីរួមចំណែកដល់ដំណោះស្រាយរយៈពេលយូរ ទៅលើសកម្មភាពអាកាសធាតុ។ ពេលវេលាបានមកដល់ហើយនៅពេលនេះ»។ សម្បត្តិអំពាវនាវសូមឱ្យមានសកម្មភាពអាកាសធាតុជាបន្ទាន់ពី អង្គការសង្គមស៊ីវិលនានា វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ អ្នកតាក់តែងគោលនយោបាយ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ” ។

សម្បត្តិបានបន្ថែមទៀតថា ក្រុមសកម្មជនយុវជន នឹងបន្តលើកឡើងពីកង្វល់របស់ពួកគេ តាមរយៈបណ្តាញសង្គម បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ ដោយផ្ញើសារ សុំឱ្យគ្រប់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ពីការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាល គួរចេញច្បាប់ថ្មីៗបន្ថែមទៀត ដើម្បីកំណត់បរិមាណការបំភាយកាបូន និងតម្រូវឱ្យអ្នកបំពុលបរិស្ថាន ចំណាយសងដល់ការបំភាយឧស្ម័នបំពុលបរិយាកាសផ្សេងៗរបស់ពួកគេ ។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន គួរបង្កើនថវិកាហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួន ឱ្យបានច្រើនបំផុត ជួយដល់ការអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់កសិករដែលបានរងគ្រោះនាពេលបច្ចុប្បន្ន និងប្រជាពលរដ្ឋដែលអាចរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ។

ការប្រែប្រួលអាកាសធាតុ បានក្លាយជាហានិភ័យមួយក្នុងចំណោមហានិភ័យធំៗជាច្រើន ដែលប្រឈមដល់ មនុស្សជាតិ និងជាអាទិភាពខ្ពស់នៃកង្វល់របស់ពិភពលោក។ នៅពេលផែនដីបន្តឡើងកម្តៅ ផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុមកលើនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានជម្រុញ និងបង្កើន តម្រូវការ ដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់។ កម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោក ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងចំណាត់ថ្នាក់ភាពងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការត្រៀមខ្លួនដើម្បីបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៥១ ក្នុងចំណោម ១៨១ប្រទេសលើពិភពលោក នេះបើយោងតាមរបាយការណ៍ ND-GAIN Index នៅឆ្នាំ២០២០។ យោងតាមការប៉ាន់ប្រមាណហានិភ័យអាកាសធាតុរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជាមានភាពងាយរងគ្រោះខ្ពស់ពីការប្រែប្រួលអាកាសធាតុ ដោយសារការលូតលាស់សេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនភាគច្រើន ពឹងផ្អែកលើវិស័យដែលអាស្រ័យលើអាកាសធាតុ ដូចជាវិស័យ កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងវិស័យទេសចរណ៍។ វិស័យកសិកម្ម និងជលផលតែឯង បានផ្តល់ចំណែក ២៥% នៃផលិតកម្មក្នុងស្រុកសរុប និងប្រើប្រាស់កម្លាំងពលកម្មរបស់ប្រទេសដល់ទៅ ៤៩%។ N