ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជា ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព បានថ្លែងថាៈ «រក្សាលំនឹងប្រព័ន្ធអេកូ ឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់សង្គមសេដ្ឋកិច្ច និងវប្បធម៌ របស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់»។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក សាយ សំអាល់ បែបនេះ នៅក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ នៃសេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
ក្នុងពិធីនេះ គេឃើញមានការចូលរួមពីសំណាក់ សមាជិកព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ និងមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ២៥ រាជធានី ខេត្ត ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។

បញ្ជាក់ក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានឱ្យដឹងថាៈ «សៀវភៅ ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ជាការប្រមូលផ្តុំ គោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្ត រួមគ្នា ដោយបង្ហាញនូវគន្លឹៈដោះស្រាយបញ្ហាបរិស្ថាន ស្របតាមការផ្លាស់ប្តូរ រចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជា ដែលទទួលបានពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ សៀវភៅ ស ក៏បានលើកឡើង ពីវិធានការ បញ្ហាបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹក និងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូ អភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សកល ការអភិវឌ្ឍ និងចែកផ្សាយនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ក្នុងយុគសម័យថ្មី នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងប្រព័ន្ធឌីជីថល ឱ្យកាន់តែច្រើន ស្របតាមបរិបទការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជា ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាល និងគោលនយោបាយនានា ដែលពាក់ព័ន្ធ ។

លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីដំណើរការនៃការរៀបចំ «សៀវភៅស» បទបង្ហាញរបស់លោក រស់ សាលីន រដ្ឋលេខាធិការ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្ត នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពីខ្លឹមសាររួមនៃសេចក្តីព្រាង «សៀវភៅស» និងការផ្តល់ធាតុ ចូលបន្ថែម ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែលម្អឱ្យកាន់តែមាន សង្គតិភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានគ្រឹះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាពនយោបាយ និងសន្តិសុខជាតិរបស់ប្រទេស ការតម្កើងគុណតម្លៃតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងសៀវភៅស បានដាក់ចេញនូវក្របខណ្ឌ យុទ្ធសាស្ត្រចំនួន ៦ សំខាន់៖
១) លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ
២) ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព
៣) លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន
៤) ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម
៥) ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ
៦) ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍៕ V / N