ដោយ: បូកគោ / កំពតៈ ស្របពេលពិធីបុណ្យឆ្លងឆ្នាំសកល កាន់តែខិតជិតចូល មកដល់ អ្នកគ្រប់គ្រងសំរាមក្រុងកំពត ព្រមទាំងអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានសំណូមពរចំពោះប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកលើកស្ទួយមុខមាត់ ខេត្តទេសចរណ៍ ដែលធ្លាប់មានឈ្មោះល្បី ជាយូរមកហើយ។

លោក សួន សុភ័ក្តិ នាយកក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន បានរៀបរាប់ថាៈ ក្រោមកិច្ចដឹកនាំរបស់លោក ម៉ៅ ធនិន រដ្ឋបាលខេត្តកំពតតែងបានរៀបចំព្រឹត្តិការណ៍ សប្បាយៗ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវមកពីទីជិតឆ្ងាយ រៀងរាល់ពិធីបុណ្យ ទានសំខាន់ៗ។ ជាក់ស្តែង នាឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ រដ្ឋបាលខេត្ត នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពអធឹកអធម ឲ្យកាន់តែគគ្រឹកគគ្រេង ខ្លាំងក្លាជាងមុន។

លោកនាយកក្រុមហ៊ុន បានបន្តថាៈ ជាកត្តាសត្យានុម័ត កាលណាវត្តមានភ្ញៀវ កាន់តែច្រើន នឹងមិនអាចគេចផុតពី បញ្ហាកំណើននូវសំរាម គ្រប់ប្រភេទនោះទេ។ ដើម្បីដោះស្រាយបញ្ហាអវិជ្ជមាន ក៏ដូចជាក្នុងបំណងរួមចំណែក ជាមួយកិច្ចខិតខំ របស់ ថ្នាក់ដឹកនាំខេត្តកំពត លោកសំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវករទាំងអស់ មេត្តាបង្កើនកិច្ចការអនាម័យបរិស្ថាន ពិសេសគ្រប់គ្រងសំរាម ឱ្យមានសណ្តាប់ធ្នាប់បំផុត។ នៅពេលបងប្អូនប្រជាពលរដ្ឋ ទុកដាក់សំរាមបាន ត្រឹមត្រូវ នោះការប្រមូល និងសម្អាតរបស់បុគ្គលិក កម្មករក្រុមហ៊ុន ក៏មានភាពងាយ ស្រួល ហើយអាចចាត់ចែងដឹកជញ្ជូន ចេញបានឆាប់រហ័សផងដែរ។

លោក សួន សុភ័ក្តិ បានបញ្ជាក់ថាៈ ក្រុមហ៊ុនប្រមូលសំរាម ព្រមទាំងអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ តែងបានយកចិត្តទុកដាក់ ចំពោះបញ្ហាសំរាមជាចម្បង។ សម្រាប់ពិធីបុណ្យឆ្លងឆ្នាំសកលនេះ ក្រុមការងារ បានប្រជុំដាក់ផែនការជាច្រើន ដើម្បីធានាឲ្យការសម្អាត និងប្រមូលសំរាម បានទាន់ពេលវេលា ដោយមិនកកស្ទះ ឬរំខានដល់អាជីវករ និងភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកំពតនោះឡើយ៕ V / N