ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល បាននិយាយកាលពីថ្ងៃអង្គារទី២៧ធ្នូថា លោកនឹងជំរុញការបង្កើតអង្គភាពយោធាដែលមានឯកទេសខាងដ្រូន ដោយរិះគន់ការឆ្លើយតបរបស់យោធារបស់លោកចំពោះការឈ្លានពានព្រំដែនដោយដ្រូនរបស់កូរ៉េខាងជើង។
ដ្រូនរបស់កូរ៉េខាងជើងចំនួនប្រាំគ្រឿងបានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទដោយជំរុញឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលចេញយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រដើម្បីបាញ់ទម្លាក់ពួកវានៅក្នុងការឈ្លានពានលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។
ឧបទ្ទវហេតុនេះបានធ្វើឱ្យមានចម្ងល់ឡើងវិញអំពីខែលការពារដែនអាកាសរបស់កូរ៉េខាងត្បូង នៅពេលដែលខ្លួនកំពុងព្យាយាមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
យោធាបានបាញ់ព្រមានប្រហែល១០០ គ្រាប់ពីឧទ្ធម្ភាគចក្រដែលបំពាក់កាំភ្លើងយន្ត ប៉ុន្តែបរាជ័យក្នុងការទម្លាក់ដ្រូនណាមួយ ខណៈពួកវាបានហោះលើទីក្រុងជាច្រើនរបស់កូរ៉េខាងត្បូងរួមទាំងរដ្ឋធានីសេអ៊ូលអស់រយៈពេលប្រហែលប្រាំម៉ោង។
លោកយូនបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ឧបទ្ទវហេតុនេះបានបង្ហាញពីការខ្វះខាតយ៉ាងខ្លាំងនៃការត្រៀមខ្លួន និងការហ្វឹកហ្វឺនរបស់យោធាយើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះហើយបានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការសម្រាប់ការត្រៀមខ្លួន និងការហ្វឹកហ្វឺនកាន់តែខ្លាំងជាងមុន”។
លោកយូនបានស្តីបន្ទោសការមិនបានត្រៀមខ្លួនសម្រាប់គោលនយោបាយកូរ៉េខាងជើង “ដ៏គ្រោះថ្នាក់” របស់អ្នកកាន់តំណែងមុនរបស់គាត់ ដែលពឹងផ្អែកលើ “ចេតនាល្អ” របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង និង សន្ធិសញ្ញាយោធាអន្តរកូរ៉េឆ្នាំ ២០១៨ ដែលហាមឃាត់សកម្មភាពអរិភាពនៅតំបន់ព្រំដែន។
លោកបានបន្ថែមថា “យើងបានគ្រោងនឹងបង្កើតអង្គភាពដ្រូនដើម្បីត្រួតពិនិត្យនិងកំណត់ទីតាំងឡើងវិញនូវទីតាំងយោធាសំខាន់ៗរបស់កូរ៉េខាងជើងហើយឥឡូវនេះនឹងពន្លឿនផែនការនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ដោយប្តេជ្ញាថានឹងបង្កើនសមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍ជាមួយនឹងដ្រូនបំបាំងកាយដ៏ទំនើប៕
ដ្រូនរបស់កូរ៉េខាងត្បូងនៅក្នុងសមយុទ្ធប្រឆាំងភេរវកម្មដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារដោយសារធាតុគីមី និងដ្រូននៅកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២