ដោយៈ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖ ប្រទេសកម្ពុជាទើបបញ្ចប់តួនាទីជាប្រធានអាស៊ាន​ប្តូរវេន នៅចុងឆ្នាំ២០២២ នេះ ដែលត្រូវផ្ទេរទៅឲ្យប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងតួនាទីជាប្រធានអាស៊ានប្រទេសកម្ពុជាបាន​ស្ថិតនៅក្នុងដំណាក់កាលវិវឌ្ឍន៍បញ្ហាសកលធំៗដែលត្រូវប្រឈម និងដោះស្រាយ រួមទាំងបញ្ហានៅក្នុងតំបន់ពិសេសបញ្ហា​ដែលបានកើតឡើងនៅក្នុងប្រទេសភូមា រហូតដល់មានចេញសេចក្តីថ្លែងការណ៍មួយ ស្តីអំពីស្ថានភាពនៅភូមា កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ខណៈដែលប្រទេសជាសមាជិកអាស៊ានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទាក់​ទងនឹង ការសម្លាប់ អំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

បញ្ហានៅក្នុងប្រទេសភូមាក៏ត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីប្រជុំ និងដោះស្រាយ​ផងដែរ។

ជាឧទាហរណ៍ចេញពីមេរៀនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពី៤៣ឆ្នាំមុន របបខ្មែរក្រហមបានឡើង​គ្រប់គ្រងប្រទេសកម្ពុជារយៈពេល ប្រមាណតែជាងបីឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែរបបនេះបានបន្សល់នូវសង្រ្គាម ភាពវឹកវរ អំពើហិង្សា គំនុំ និងភាពបែកបាក់សង្គមយ៉ាងធ្ងន់ធ្ងរឲ្យប្រជាជនកម្ពុជា និងមេដឹកនាំជំនាន់ក្រោយដោះស្រាយប្រមាណ ជាង៤ទសវត្សរ៍។ ទោះបីរបបខ្មែរក្រហមបានដួលរលំទៅនៅដើមឆ្នាំ១៩៧៩ ហើយក៏ដោយ ក៏របបនេះបានប្រមូលកម្លាំង​របស់ខ្លួនឡើងវិញ នៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសថៃ និងបានកាន់កាប់តំបន់រដ្ឋបាលនៅតាមបណ្តាខេត្តមួយ​ចំនួន​ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ របបខ្មែរក្រហមក៏នៅតែមានការទទួលស្គាល់ និងគាំទ្រពីភាពស្របច្បាប់ពី​ប្រទេសលោកខាងលិចមួយចំនួន និងជាពិសេសក្នុងចំណោមប្រទេសអាស៊ានខ្លះ ដោយបានធ្វើមិនដឹងមិនឮ ឬមើលរំលងពីភាពសាហាវឃោរឃៅដែលក្រុមមេដឹកនាំខ្មែរបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា។

ខ្មែរក្រហមបានធ្វើឱ្យប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាងពីរលាននាក់បាត់បង់ជីវិត ហើយហេដ្ឋារចនាសម្ព័ន្ធរបស់​ប្រទេសកម្ពុជាស្ទើរតែបាត់បង់ទាំងស្រុង។

ការបាត់បង់ដ៏ធំនេះគឺជាកាតព្ធកិច្ចដ៏ធ្ងន់ធ្ងរដែលប្រជាជនកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោយមកប្តូរមកជា រដ្ឋកម្ពុជា) ដែលត្រូវបានបដិសេធ និងមិនមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ ត្រូវស្តា និងបង្រួបបង្រួមប្រទេសជាតិដែលបែកបាក់ឡើងវិញ។ ដូច្នេះការដែលនាំមេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរ​ក្រហម​ដែលនៅមានការគាំទ្រពីប្រទេសមួយចំនួន និងនៅមានអាវុធនៅដៃនៅឡើយ គឺជាកិច្ចការដ៏លំបាកមួយ និងស្មុគស្មាញ។ ទោះបីយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមួយត្រូវបានអនុវត្តឡើងដើម្បីនាំក្រុមខ្មែរក្រហមមកចូលរួមជាមួយប្រទេសជាតិវិញ គឺ ១) ការធានានូវអាយុជីវិត និងរូបរាងកាយ ,២) ធានាចំពោះអាជីព និងមុខរបរ និង៣) ធានាចំពោះកម្មសិទ្ធិ​ចលនទ្រព្យ និងអចលនទ្រព្យ។ គំនិតផ្តួចផ្តើមនេះបានក្លាយទៅជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យ​មានការជឿទុកចិត្តពីក្រុមខ្មែរក្រហម ហើយជាបន្តបន្ទាប់មេដឹកនាំខ្មែរក្រហម និងយោធាខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ម៉ាឡៃ ប៉ៃលិន សំឡូត បានធ្វើសមាហរណកម្ម និងចុះចូល។ នួន ជា និង ខៀវ សំផន រួមទាំងមេដឹកនាំយោធានៅតំបន់​អន្លង់វែង​ដែលជាតំបន់រឹងមំាចុងក្រោយរបស់ខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការចុះចូលនេះ គឺជាការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែល​មានរយៈ​ពេលប្រមាណពីរទសវត្សរ៍។

ទោះបីយ៉ាងណា ការចរចាបង្រួបបង្រួម និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់របបខ្មែរក្រហម មិនត្រូវបាន​គេយល់ឃើញពីសារសំខាន់របស់វានៅក្នុងតំបន់ និងពិភពលោកឡើយ។ ដូច្នេះខ្ញុំគិតថា ការដាក់បញ្ចូលគោលនយោបាយ ឈ្នះ ឈ្នះ នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺជាប្រយោជន៍ដ៏សំខាន់ ដែលធ្វើឲ្យក្មេងៗយល់ពីតម្លៃនៃសន្តិភាព និងការផ្សះផ្សាជាតិ និងលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យរួបរួមគ្នាដើម្បីអនាគតដ៏ត្រចះត្រចង់។ នយោបាយ ឈ្នះ ឈ្នះ នេះ ក៏គួរត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីអំពីសិទ្ធិមនុស្ស សហគមន៍ និងពិភពលោកដែរ ព្រោះនយោបាយ ឈ្នះ ឈ្នះ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាដែលធ្វើឲ្យមានការយល់ដឹង និងរួម​ចំណែកជាមួយមេរៀនប្រវត្តិសាស្រ្តស្តីពីអំពើប្រល័យពូជសាសន៍ សន្តិភាព និងការដោះស្រាយជម្លោះនៅក្នុងតំបន់ និង​ពិភពលោក។

វិមាន ឈ្នះ ឈ្នះ ត្រូវបានកសាងឡើង និងសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេច​តេជោ​ ហ៊ុន សែន។ មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប៥ឆ្នាំនៃវិមាន ឈ្នះ ឈ្នះ និងមានរយៈពេល២៤ឆ្នាំ បន្ទាប់ពីការចុះចូលរបស់មេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរក្រហមទាំងអស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ វិមាន ឈ្នះ ឈ្នះ តំណាងឲ្យសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលប្រជាជនកម្ពុជាត្រូវសិក្សា និងយល់ដឹង៕ សរន​ / N

រូប ( វិមានឈ្នះ ឈ្នះ ត្រូវបានកសាងឡើង និងសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមធិបតីភាពសម្តេច ហ៊ុន សែន។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រូបសកម្មភាព ( ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងរៀបចំពិព័រណ៍ដែលផ្តោតសំខាន់ទៅលើសង្រ្គាម និងអំពើល័យពូជសាសន៍ ដើម្បីអបអរខួប២៤ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល នៅប្រទេសកម្ពុជា នៅវិមាន ឈ្នះ ឈ្នះ។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)