ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទូចឲ្យមន្រ្តីសុរិយោដីធ្វើកិច្ចការងារផ្តល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋឲ្យបានលឿន ឲ្យបានសម្រេចដូចដែលបានគ្រោងទុកនៅក្នុងឆ្នាំ ២០២៣។ដោយសម្តេចចាត់ទុកថាការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋដីសាធារណ របស់រដ្ឋដីសម្បទានសេដ្ឋកិច្ចនិងដីសហគមន៍ជនជាតិដើមភាគតិចគឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពល រដ្ឋសម្រាប់រស់នៅដាំដុះនិងវិនិយោគដើម្បីបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូល ។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ ក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់និងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “មន្ទីរពិសោធន៍ជាតិសំ ណង់”រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ក្នុងរបាយការណ៍របស់លោក ជា សុផារ៉ា គឺបានរំលេចថាមកដល់ពេលនេះបានចេញប័ណ្ណកម្មសិទ្ធិចំនួន ៦,៧០០,០០០ ក្បាលដីបានស្មើនឹង ៩៦,២ ភាគរយនៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧ លានក្បាលដី ។ ហើយនឹងខិតខំដោះស្រាយឲ្យបាន ១០០ ភាគរយ ។ សម្តេចទទូចឲ្យធ្វើកិច្ច ការងារនេះឲ្យបានសម្រេចដូចដែលបានគ្រោងទុកនៅក្នុងឆ្នាំ ២០២៣ ឲ្យបាន។

សម្តេចតេជោបន្តថា៖«ចំណុចនៅសេសសល់របស់យើងវានៅមិនច្រើនទេវានៅតិចណាស់។ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យារនូវការធ្វើរឿងនេះទោះបីការចុះបញ្ជីឬធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្តី ជាលក្ខណៈដាច់ដោយដុំក្តី គឺហាក់ដូចជានៅត្រឹងឬធ្វើដែរតែធ្វើដោយមិនមានការជំរុញដែលធ្វើឲ្យប្រជាជនរងចាំរឿងនេះហើយក៏មានការ លើកឡើងមួយចំនួនស្នើសុំត្រង់មកខ្ញុំតាមរយៈ facebookក្តីហើយ facebook ជួនកាលធ្វើទៅតាមរយៈនៃការបញ្ជូនតាម messengerដែលគេមិនអាចមើលឃើញ ក្រៅពីអ្នកបញ្ជូនមក។អញ្ចឹងទេខ្ញុំស្នើឲ្យឯកឧត្តមជាសុផារ៉ាបញ្ជាទៅមន្ទីរសុរិយោដីគេរៀបចំដែនដីនគរូបនីយកម្មនៅតាមបណ្ដាខេត្តឲ្យធ្វើកិច្ចការងារនេះហើយអស់លោកអាចអភិបាលខេត្តត្រូវយកចិត្តទុកដាក់ធ្វើទៅលើរឿងនេះព្រោះរឿងនេះវាជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋរបស់យើង។»

សម្តេចតេជោបន្តថា៖នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដើម្បីជៀសវាងនូវការកើតឡើងនៅបញ្ហានានាជាបន្តទៀត ។ ចំណុចនេះជាចំណុចដែលយើងត្រូវធ្វើ ។ សម្តេច បន្តថាខ្ញុំមិនប្រើយុទ្ធនាការបែបគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីដូចជាឆ្នាំ ២០១២ នោះទេ។ ក៏ប៉ុន្តែខ្ញុំសូមឱ្យអស់លោកយកចិត្តទុកដាក់ជំរុញ ជាពិសេស អភិបាលខេត្តដែលជាប្រធានសុរិយោដីជាប្រធានគណៈកម្មការដីថ្នាក់ខេត្តមើលកិច្ចការងារនេះឲ្យបានខ្ជាប់ខ្ជួន។ដោះស្រាយបញ្ហាទាក់ទងជាមួយនឹងបញ្ហាដីរបស់ដីរដ្ឋក៏ត្រូវមើល,ដីសហគមន៍ក៏ត្រូវមើល,ហើយដីប្រជាជនដែលមិនទាន់បានចុះបញ្ជីក៏ត្រូវធ្វើឲ្យពួកគាត់ចាត់ទុកថានេះជាសេវាចាំបាច់ឬជាសេវាតម្រូវការតែម្ដង។បើមិនដូច្នោះទេច្បាស់ជានៅអង្អែលៗអំពារៗនៅទីនេះហើយ ។ សម្តេចបញ្ជាក់ថារឿងនេះសុំដាស់តឿនឲ្យថ្នាក់ក្រោមយកទៅអនុវត្តន៍ ៕