ដោយៈតារារិទ្ធ(ភ្នំពេញ)ដើម្បីពង្រឹងប្រសិទ្ធភាពនិងការទទួលខុសត្រូវលើការងារជំនាញរបស់ក្រសួងរៀបចំដែននគរូបនីយកម្មនិងសំណង់សម្ដេចអគ្គម ហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៩ចំណុចសំខាន់ៗ ។

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់និងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “មន្ទីរពិសោធន៍ជាតិសំ ណង់” រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

អនុសាសន៍គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញក្នុងឱកាសនោះរួមមាន៖

ទី១៖ សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិចដើម្បីធានានូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល ។

ទី២៖ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីបង្កើតភាពសុខដុម រមនា-សង្គមបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

ទី៣៖ ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យ បានទូទាំងប្រទេស។

ទី៤៖ ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់និងសាធារណជន។ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌនិងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

ទី៥៖ សូមបន្តលើកទឹកចិត្តនិងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ។បន្តអនុវត្ត កម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន។

ទី៦៖ ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាក ចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ចនិងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែល រាជរដ្ឋាភិបាលបានដាក់ចេញ ។

ទី៧៖ ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាបដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ព្រំប្រ ទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ ឱ្យចប់នៅខែឧសភា ឆ្នាំ២០២៣ ។

ទី៨៖គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានិងគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង៤ត្រូវជំរុញរៀបចំផែនការអភិ រក្ស ការពារនិងអភិវឌ្ឍតំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្សនិងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាពនិងសមធម៌ឱ្យស័ក្តិសមជាឆ្នេរ សមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈនៅទិសនិរតី ។

ទី៩៖សូមរួមគ្នាបន្តពង្រឹងនិងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការ ផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន។

ជាទីបញ្ចប់ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងសម្តេចតេជោហ៊ុនសែនក៏បានប្រ កាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“អគារមន្ទីរពិសោធន៍ជាតិសំណង់”។

មន្ទីរពិសោធន៍ជាតិសំណង់បានចាប់ផ្ដើមបុកគ្រឹះនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងបានសម្រេចរួចរាល់នៅខែសីហាឆ្នាំ២០២២។អគារមន្ទីរពិសោធន៍ជាតិសំណង់បាន សាងសង់លើផ្ទៃដី ១,៥ហិកតានិងក្រឡាផ្ទៃអគារសរុបប្រមាណ៥,០០០ ម៉ែត្រការ៉េចែកចេញជាពីរអគារគឺអគារបេតុង និងអគារដែក។ចំពោះអគារបេតុងជាប្រភេទសំណង់ អគារការិយាល័យមានរចនាបថសម័យទំនើបដែលមានក្រឡាផ្ទៃសំណង់សរុប ៧៥០០ ម៉ែត្រការ៉េ មានកម្ពស់ ៣ជាន់។ រីឯអគារដែកមានទំហំ ៧២០ម៉ែត្រការ៉េសម្រាប់ធ្វើ ពិសោធន៍គ្រឿងផ្គុំសំណង់ដែលមានខ្នាតធំ ។ អគារមន្ទីរពិសោធន៍ជាតិសំណង់នេះសាងសង់អស់ថវិកា ៣លានដុល្លារអាមេរិកដោយគិតទាំងការងារបន្ថែមកម្រាលខណ្ឌ ជាន់ទី២ ប្លុក Bនិងអគារស្នាក់នៅរបស់សន្តិសុខនិងកម្មករថែសួន៕