ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទប្រទេសថៃបានសម្ដែងសេចក្ដីរីក រាយជាខ្លាំងក្រោយទទួលបានការបណ្ដុះបណ្ដាលពីមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានិងមានឆន្ទៈរៀបចំការប្រកួតជើងឯកប្រចាំតំបន់ដែលខ្លួនរស់នៅនាថ្ងៃអនាគតដើម្បីរួមចំណែកអភិវឌ្ឍ និងអភិរក្សក្បាច់គុនរបស់បុព្វបុរសខ្មែរទៀតផង។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាដែលទើបតែតែត្រឡប់មកពីសិក្ខាទៀតសាលាស្ដីពីគុនល្បុក្កតោតបតាមការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោកបានឱ្យដឹងថាតាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរសុរិន្ទប្រតិភូគុនល្បុក្កតោកម្ពុជាបានរៀបចំសិក្ខាសាលានិងវគ្គបណ្ដុះ បណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាលចៅក្រមរយៈពេល ៣ថ្ងៃដោយមានសិក្ខាកាមចូលរួម៣០នាក់។អ្វីដែលពិសេសកម្មវិធីនេះបានទទួលការគាំទ្រពីរដ្ឋបាលខេត្តសុរិន្ទ និងសាកវិទ្យាល័យSurindraRajabhatដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត និងសាលា ចូលរួមពិធីបើក-បិទទៀតផង។

លោកអគ្គលេខាធិការរងបានបន្ដថា៖«នេះគឺជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់គុនល្បុក្កតោស្របពេលគណៈកម្មាធិការជាតិCAMSOCបានដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិនេះ ទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកាលពីថ្មីៗដែលគុនល្បុក្កតោត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការUNESCOជាផ្លូវការ»។

អ៊ីចឹងបងប្អូនយើងនៅតាមបណ្ដាប្រទេសជិតខាង ដូចជាថៃ ដែលមានបងប្អូនខ្មែរ មានការចាប់អារម្មណ៍និងចង់ថែរក្សានូវសម្បត្តិវប្បធម៌ប្រពៃណីគុនល្បុក្កតោនៅក្នុងតំបន់ខេត្តសុរិន្ទ គឺពួកយើងរីករាយក្នុងការផ្សព្វផ្សាយនិងចែករំលែកពីក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ។

បន្ទាប់ពីទទួលបានការបង្ហាត់បង្ហាញពីបច្ចេកទេស និងគុណតម្លៃ នៃគុនល្បុក្កតោ បានធ្វើឱ្យពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ មានការសប្បាយរីករាយ ប្រកបដោយមោទនភាព ព្រមទាំងមានគម្រោងចង់ចូលរួមហ្វឹកហាត់ និងឈានទៅរៀបចំការប្រកួតនាពេលខាងមុខ។
ក្រៅពីការចូលរួមសិក្សាក៏ដូចវគ្គបណ្ដុះបណ្ដាលបច្ចេកទេសខាងលើពួកគាត់ក៏មានគោលបំណងចូលរួមហ្វឹកហាត់ និងបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម មន្ដ្រីបច្ចេកទេស ដើម្បីពួកគាត់អាចរៀបចំការប្រកួតជ្រើសរើសជើងឯក ក្នុងខេត្តសុរិន្ទបាន នៅថ្ងៃអនាគត។

លោកអ៊ួតារាបានបន្ថែមទៀតថាការរៀបចំសិក្ខាសាលាក៏ដូចជាវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគុនល្បុក្កតោ ដល់ពលរដ្ឋខ្មែរលើទឹកដីថៃនេះ ក៏ជាការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរព្រោះតាមរយៈការផ្សព្វផ្សាយនេះបានធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំង២បានយល់កាន់តែស៊ីជម្រៅអំពីគុនល្បុក្កតោនិងភាពខុសគ្នារវាងក្បាច់គុនរបស់បុព្វបុរសខ្មែរមួយនេះ ជាមួយនិងក្បាច់គុនរបស់ថៃ ឬ Muay Thai៕សរន