ដោយ: ភ្នំខៀវ / បាត់ដំបង:ត្រីអណ្តែងអាយុ ៤ ទៅ ៥ខែនៅក្នុងដែនអភិរក្ស រាំងពេន ៣ត ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានងាប់ជាច្រើនកដោយមិនដឹងពីមូលហេតុច្បាស់លាស់។

លោក ហោ សំអាត អនុប្រធានសហគមន៍តំបន់អភិរក្ស រាំងពេន ៣ត ឋិតក្នុងភូមិព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២នេះថាត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន ៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់យ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូមក។ចុងក្រោយនេះលោក រួមជាមួយទាំងមន្ត្រីសហគមន៍មួយចំនួនទៀតបានចុះពិនិត្យបន្តជាប់ៗគ្នា បង្ហាញថាបញ្ហាដែលត្រីងាប់នេះជាប្រភេទត្រីអណ្តែងសុទ្ធ ដោយមិនមានការយាយីដូចជាករណីលួចឆក់នៅពេលថ្ងៃ ឬពេលយប់ និងត្រូវថ្នាំពុលអ្វ៏នោះឡើយ ហើយក៏មិនមែនដោយសារពុលទឹកនោះដែរ។

លោកបន្តថា ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សដ៏គួឲ្យព្រួយបារម្ភនេះមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ។ វាជាករណីលើកទី ២ហើយ ។នៅឆ្នាំ ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ ប៉ុន្តែជាពូជត្រីផ្ទក់ និងត្រីរ៉ស់៕សរន