ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ តាមរយៈ ការសន្និដ្ឋានបច្ចេកទេស នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលនៃការប្រឡងបាក់ឌុប ឬសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ឃើញថាមានការកើនភាគរយ (%)  កើននិទ្ទេស B ,C ក៏ប៉ុន្តែមានការ
ថយចុះនិទ្ទេស A ចំនួនពាក់កណ្តាល ។

នោះមកពីលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់បង្រៀន ។ រីឯសិស្សានុសិស្ស ខំរៀនជាទូទៅ តាំងពីដើមកម្រិតមធ្យមសិក្សា ពិសេសនៅក្នុងថ្នាក់ទី១២ ។

នេះបើតាមលោកប្រធានមន្ទីរ  អនុប្រធានមន្ទីរ ប្រធានការិយាល័យទទួលការងារប្រឡង និងមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ក៏ដូចជានាយក នាយករង លោកគ្រូ អ្នកគ្រូ បង្រៀនតាមមុខវិជ្ជា បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២ ។

យោងលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២២ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ បានឱ្យដឹងថាៈ ឆ្នាំ២០២១ បេក្ខជនមកប្រឡង (ចំណេះទៅ ស្វៃរិន និងបំពេញវិជ្ជា) សរុប ៤.៧១២ នាក់ ស្រី ២.៥៥៩ នាក់។
ក្នុងនោះ ប្រឡងជាប់ ២.៩៤៤ នាក់ ស្រី ១.៧៦១ នាក់ ស្មើនឹង ៦២,៤៨ ភាគរយ ស្រី ៦៨,២៩ ភាគរយ ។

ឆ្នាំ២០២២ បេក្ខជនមកប្រឡងមាន ៥.៦៣០ នាក់ ស្រី ៣.១១២ នាក់ ក្នុងនោះជាប់ ៣.៩៤១ នាក់ ស្រី ២.៣៥៦ នាក់ ស្មើនឹង ៦៩,២៩ ភាគរយ ស្រី ៧៥,៧១ ភាគរយ។

ក្នុងនោះ បេក្ខជនមកប្រឡងកើនចំនួន ៩១៨ នាក់ ស្រី ៥៥២ នាក់ ។ ប្រឡងជាប់កើនឡើង ៩៥៧ នាក់ ស្រី ៥៧៥ នាក់ ។ ភាគរយជាប់កើនចំនួន ៣៦,០៩ ភាគរយ ស្រី ៥៧,៧៣ ភាគរយ ។

យោងការិយាល័យប្រព័ន្ធគ្រប់គ្រងទិន្នន័យការប្រឡង, គណ:គ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកន្លងមកថាៈ លទ្ធផលនោះគឺ បេក្ខជនមកប្រឡងសរុប: ៥.៦៣០ នាក់ ស្រី ៣.១១២ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ចំនួន ៣.៩៣១ នាក់ ស្រី ២.៣៥៦ នាក់  ត្រូវជា ៦៩,២៩ ភាគរយ ស្រី ៧៥,៧១ ភាគរយ។

ចំពោះចំណាត់ថ្នាក់ បេក្ខជនជាប់និទ្ទេស A ចំនួន ៤៩នាក់ ស្រី២៥នាក់, និទ្ទេស B ចំនួន ៣១៦នាក់ ស្រី ១៨៩ នាក់, និទ្ទេស C ចំនួន ៨៤១ នាក់ ស្រី៥៤១នាក់, និទ្ទេស D ចំនួន ១៣៤០ នាក់ ស្រី៨៤៧នាក់, និងនិទ្ទេស E ចំនួន ១៣៥៥ នាក់ ស្រី ៧៥៤ នាក់ ។

បើប្រៀបធៀបនឹងឆ្នាំ២០២១ បេក្ខជនមកប្រឡងចំនួន ៤.៧១៤ នាក់ ស្រី ២.៥៤៤ នាក់ ។ បេក្ខជនប្រឡងជាប់ (ចំណេះទូទៅ  ស្វៃរិន និងបំពេញវិជ្ជា) ចំនួន ២.៩៤៤ នាក់ស្រី ១.៧៦១ នាក់ ស្មើនឹង ៦២,៤៥ ភាគរយស្រី ៦៩,២២ ភាគរយ ។

ចំពោះលទ្ធផលនេះ  និទ្ទេសA  មានចំនួន ៩៩ នាក់ (ចំណេះទូទៅ) ស្រី ៧០ នាក់ ។ និទ្ទេស B. ២៥៧នាក់ ស្រី ១៧៧នាក់ ។ C  ចំនួន ៥៣៩នាក់ ស្រី ៣១៩នាក់ ។ D ចំនួន ៩៣៥ នាក់ ស្រី ៥៦១នាក់ និង E ចំនួន ១.១១៤នាក់ ស្រី ៦៣៤ នាក់ ។

មានន័យថា និទ្ទេសA  នាឆ្នាំ២០២១ បានកើនឡើងខ្ពស់  ឬបើប្រើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៨-១៩  និទ្ទេសA មានចំនួនតែ ២៥ នាក់ ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យរស្មីកម្ពុជាដឹងថា: លទ្ធផល និងគុណភាព និទ្ទេសបេក្ខជនទាំង២ថ្នាក់ (វិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រ) ឃើញថា ភាគច្រើនគឺល្អ ល្អបង្គួរ។ ឯល្អប្រសើរ មានតិចនិងមធ្យម មានបន្ទាប់ ៕/V-PC