ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្យុះបិសាច ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងសហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍ថ្ងៃបុណ្យណូអែលបានបន្តបង្កទុក្ខសោកដល់រដ្ឋញូវយ៉កនិងអ្នកធ្វើដំណើរតាមផ្លូវអាកាសទូទាំងប្រទេសកាលពីថ្ងៃអង្គារទី២៧ធ្នូ ខណៈរឿងរ៉ាវនានាបានលេចឡើងអំពីគ្រួសារជាប់គាំងអស់ជាច្រើនថ្ងៃក្នុងអំឡុងពេល “ព្យុះព្រិលប្រចាំសតវត្សរ៍”។
ចំនួនអ្នកស្លាប់ដោយសារព្យុះរដូវរងាបានកើនឡើងដល់ជាង៥០ នាក់ បន្ទាប់ពីក្រុមមន្ត្រីបានបញ្ជាក់ពីអ្នកស្លាប់ចំនួនបីនាក់បន្ថែមទៀតនៅតំបន់បឹងអេរីខោនធី (Erie County)នៅភាគខាងលិចរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាលនៃវិបត្តិ។
លោក ប៊ីរ៉ុន ប្រោន (Byron Brown) អភិបាលក្រុងបាហ្វហ្វាឡូ (Buffalo) ដ៏ធំបំផុតរបស់តំបន់មាត់បឹងនេះ ដែលជាប់គាំងអស់រយៈពេលប្រាំថ្ងៃដោយសារព្រិលក្រាស់និងការដាច់ចរន្តអគ្គិសនី បានសរសេរបង្ហោះលើ Twitter ថា នាយកដ្ឋានប៉ូលិសក្រុង “រំពឹងថាចំនួននេះនឹងកើនឡើង”។
លោកស្រី កាធី ហូឈុល (Kathy Hochul) អភិបាលរដ្ឋញូវយ៉ក និងជាអ្នកកើតនៅទីក្រុងបាហ្វហ្វាឡូ បានពណ៌នាពីឥទ្ធិពលព្យុះនេះថាស្រដៀងនឹង “តំបន់សង្គ្រាម”។
លោកស្រីហូឈុលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ពិតណាស់វាគឺជាព្យុះកំបុតត្បូងប្រចាំសតវត្សរ៍”។
ខណៈសីតុណ្ហភាពធ្លាក់ចុះ អ្នកធ្វើដំណើរនិងអ្នកស្រុកមួយចំនួនដែលភៀសខ្លួនចេញពីផ្ទះត្រជាក់របស់ពួកគេបានជាប់គាំងនៅលើផ្លូវហាយវេ មិនអាចជួយសង្គ្រោះបានទេ។
បញ្ហានេះកាន់តែមានការលំបាកខ្លាំងទៀត នៅពេលដែលតំបន់មួយចំនួនត្រូវបានចាត់ទុកថាមិនអាចឱ្យរថយន្តសង្គ្រោះចូលទៅដល់បានរាប់សិបម៉ោងហើយរថយន្តកាយព្រិលមិនអាចបំពេញការងារបានដោយសារតែភាពសាហាវនៃព្យុះ ដែលតម្រូវឱ្យគេមកជួយអ្នកជួយសង្គ្រោះវិញទៀតផងក្នុងករណីខ្លះ៕
ព្យុះព្រិលសម្លាប់មនុស្ស៥០នាក់នៅទូទាំងសហរដ្ឋអាម៉េរិក