ដោយៈ សុក្ខារិន / ពោធិ៍សាត់: លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់គរុសិស្សបឋមសិក្សា ១២បូក២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

លោកនាយកសាលា បានជម្រាបជូនថាៈ សាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ចាប់ផ្ដើមកកើតឡើង នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨០ ដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ លុះមកដល់ឆ្នាំ២០០០ បានផ្លាស់ទីតាំងមកនៅភូមិសាលាគំរូ សង្កាត់ព្រៃញី នេះវិញ។

លោកបានបន្តថាៈ សាលាគរុកោសល្យ និងវិក្រិតការខេត្ត និងសាលាអនុវត្តន៍ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ ក្រសួងអប់រំ យុវជននិងកីឡា ចាប់ពីចុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ក្រសួងបានជួសជុល និងបំពាក់សម្ភារៈបរិក្ខាជាច្រើន អស់ទឹកប្រាក់សរុបជាង ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមការឧបត្ថម្ភពីគម្រោងកម្មវិធីអប់រំគ្រូបង្រៀន នៅកម្ពុជាឆ្នាំទី៣ បុគ្គលិក និងគ្រូឧទ្ទេស សរុបមានចំនួន២៩នាក់ ស្រី១២នាក់ និងគរុសិស្សឆ្នាំទី២ មានចំនួន ៣៨នាក់ ស្រី២៥នាក់។

លោក ខូយ រីដា បានមានប្រសាសន៍ថាៈ ការសិក្សានៅសាលាគរុកោសល្យ និងវិក្រិតការនេះ គឺជាការចាប់ផ្ដើមអាជីពជាគ្រូបង្រៀន ក្នុងការយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ទៅបណ្ដុះបណ្ដាលបន្ត ដល់កូនក្មួយសិស្សានុសិស្ស នៅតាមមូលដ្ឋាន ដែលនេះគឺជាក្ដីសង្ឃឹម ជាលទ្ធផលរំពឹងទុក របស់ក្រសួងអប់រំ យុវជន និងកីឡា ក៍ដូចអាជ្ញាធរនិងនាយកសាលាផងដែរ។

លោកអភិបាលខេត្តពោធិសាត់ បានមានប្រសាសន៍បន្តទៀតថាៈ ពេលទទួលបានចំណេះដឹងពីថ្នាលបណ្ដុះបណ្ដាលនេះ យើងជាតួអង្គមួយដ៍សំខាន់ ក្នុងការអបរំ និងផ្ដល់ចំណេះដឹង ចែករំលែកទៅដល់កូនក្មួយ នៅតាមបណ្តាមូលដ្ឋាន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សថ្មី ដែលវាសនាកូនអ្នកស្រុកអ្នកភូមិទាំងអស់ ពឹងផ្អែកលើយើងទាំងអស់គ្នា។

លោក ខូយ រីដា បានមានប្រសាសន៍ទៀតថាៈ ពីមុនប្អូនៗ ក៍ជាសិស្សដែលបានឆ្លងកាត់ការសិក្សានៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ រហូតបានជាគរុសិស្សបណ្ដុះបណ្ដាល នៅសាលាគរុកោសល្យ និងវិក្រិតការនេះ ហើយពេលនេះ បានក្លាយខ្លួនទៅជាគ្រូបង្រៀន និងជាឪពុកម្ដាយទី២របស់គេហើយ ត្រូវធ្វើខ្លួនជាគំរូគ្រប់បែបយ៉ាង ក្នុងការបង្រៀន និងអប់រំបន្ត ទៅដល់កូនក្មួយជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី យើងត្រូវបង្ហាត់បង្រៀន និងអប់រំនូវអ្វីដែលល្អៗ ព្រោះពួកគេជាក្រដាសសមួយសន្លឹក មិនទាន់មានអ្វីប្រឡាក់នោះទេ បើយើងបណ្ដុះបណ្ដាលល្អ គឺល្អ បើយើងបណ្ដុះបណ្ដាលអាក្រក់ គឺអាក្រក់ គឺងាយនឹងប្រឡាក់ជាទីបំផុត។

លោក ខូយ រីដា បានមានប្រសាសន៍ថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងការផលិតធនធានមនុស្ស ហើយរូបលោកពីមុននឹងបានមកធ្វើចៅហ្វាយខេត្តនេះ ក៍ជាគ្រូបង្រៀនម្នាក់ដែរ ដែលកាលនោះក្នុងសម័យសង្គ្រាម ពេលថ្ងៃបង្រៀន ពេលយប់ស្ពាយកាំភ្លើង ជាកាតព្វកិច្ចបំពេញភារកិច្ចបន្ថែម ដែលសង្គម កំពុងកើតមាន។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថាៈ អ្នកដែលសំណាង គឺប្អូនៗទាំងអស់គ្នា ដែលកើតក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយសន្តិភាព និងការអភិវឌ្ឍន៍នេះមិនមែនធ្លាក់ពីលើមេឃនោះទេ គឺកើតចេញពីការដឹកនាំដ៍ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅបញ្ចប់ពិធី លោកអភិបាលខេត្តពោធិ៍សាត់ ក៏បានចែកសញ្ញាបត្រដល់គរុសិស្សទាំងអស់ដែលទើបបញ្ចប់ការសិក្សា ព្រមទាំងបានឧបត្ថម្ភភេសជ្ជៈចំនួន ៣០ កេស និងថវិកាចំនួនមួយលានរៀល ចូលរួមក្នុងពិធីជប់លៀងបិទវគ្គនេះផងដែរ ៕/V/R