ដោយ: សុខុម / ស្ទឹងត្រែង: ម៉ូតូមួយគ្រឿងទំនងជាបើកលឿនជ្រុលដល់ផ្លូវកោង រេចង្កូតបុកនឹងបង្គោលសញ្ញាចរាចរណ៍ បណ្ដាលឲ្យអ្នករួមដំណើរម្នាក់ ស្លាប់មួយរំពេច។ ករណីនេះ បានកើតឡើង កាលពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យ ចម្ងាយប្រមាណ៥០០ ម៉ែត្រពីផ្លូវបំបែក ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករឡើងដោយខ្លួនឯង ក្នុងទិសដៅពីទិសខាងកើត ទៅខាងលិច ដោយបើកម៉ូតូបុកបង្គោលសុវត្ថិភាពខាងជើងផ្លូវបណ្តាលឱ្យអ្នកបើកបរ រងរបួសស្រាល ប៉ុន្តែអ្នករួមដំណើរបានស្លាប់ ក្រោយបញ្ជូនដល់មណ្ឌល សុខភាព ស្រុកបុរីអូរស្វាយសែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ អ្នកបើកបរម៉ូតូឈ្មោះ អាត សុរ៉ាត់ ភេទប្រុស អាយុ ១៥ ឆ្នាំ រងរបួសស្រាល បើកបរម៉ូតូម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ។ អ្នករួមដំណើរ ឈ្មោះ ញ៉ាន់ សាលីកា ភេទប្រុស អាយុ ២២ ឆ្នាំ បានស្លាប់។ អ្នកទាំងពីរ មុនពេលកើតហេតុ មានទីលំនៅ ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕/V/R