ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី២៧ធ្នូបានអំពាវនាវដល់ពួកតាលីបង់ឱ្យដកចេញគោលនយោបាយដែលផ្តោតលើស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយចេញការព្រមានចំពោះ “ការរេចរឹលខ្លាំងឡើងនៃសិទិ្ធមនុស្ស” នៅក្នុងប្រទេសនេះ។
នៅក្នុងការវាយប្រហារចុងក្រោយបំផុតចំពោះសិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចមកវិញកាលពីឆ្នាំមុននោះកាលពីថ្ងៃសៅរ៍មេដឹកនាំអ៊ីស្លាមនិយមរឹងរូសបានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល ដែលបង្កឱ្យមានការតវ៉ាជាអន្តរជាតិ។
ពួកតាលីបង់បានផ្អាកការសិក្សានៅសាកលវិទ្យាល័យសម្រាប់ស្ត្រីនិងសាលាមធ្យមសិក្សាសម្រាប់ក្មេងស្រីរួចហើយ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលមានសមាជិកចំនួន១៥ ប្រទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង”ចំពោះការរឹតបន្តឹងកាន់តែខ្លាំងឡើងលើការអប់រំរបស់ស្ត្រី ដោយអំពាវនាវឱ្យមានការចូលរួមពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមប្រឹក្សាបានជំរុញឱ្យពួកតាលីបង់ “បើកសាលារៀនឡើងវិញ ហើយលុបបំបាត់ចោលភ្លាមៗនូវគោលនយោបាយនិងការអនុវត្តទាំងនេះដែលតំណាងឱ្យការបំផ្លាញកាន់តែខ្លាំងឡើងសម្រាប់ការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រុមប្រឹក្សាក៏បានថ្កោលទោសចំពោះការហាមប្រាមស្ត្រីធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលផងដែរដោយបន្ថែមការព្រមានអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រតិបត្តិការជំនួយនៅក្នុងប្រទេស ដែលមនុស្សរាប់លាននាក់ពឹងផ្អែកលើវា។
ក្រុមប្រឹក្សាបាននិយាយថា “ការរឹតបន្តឹងទាំងនេះគឺផ្ទុយនឹងការប្តេជ្ញាចិត្តដែលធ្វើឡើងដោយពួកតាលីបង់ចំពោះប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិ”។
អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស បានបន្ទរតាមសាររបស់ក្រុមប្រឹក្សាសន្តិសុខ ដោយហៅការរឹតបន្តឹងចុងក្រោយបំផុតលើស្ត្រីនិងកុមារីថា “ការរំលោភសិទ្ធិមនុស្ស ដែលមិនសមហេតុផល” ដែល “ត្រូវតែលុបចោលវិញ”។
សហគមន៍អន្តរជាតិបានធ្វើឱ្យការគោរពសិទ្ធិស្ត្រីក្លាយជាចំណុចសំខាន់បំផុតក្នុងការចរចាជាមួយរដ្ឋាភិបាលតាលីបង់សម្រាប់ការទទួលស្គាល់របស់ខ្លួន និងការស្ដារឡើងវិញនូវជំនួយ។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានសិទ្ធិមនុស្សរបស់អ.ស.បបានព្រមានពីផលវិបាកដ៏គួរឱ្យខ្លាច ដែលគោលនយោបាយបែបនេះនឹងនាំមក។
លោក វ៉ុលកឺ ធឺក (Volker Turk) ឧត្តមស្នងការអ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្មានប្រទេសណាអាចអភិវឌ្ឍនិងរស់រានខាងសង្គមនិងសេដ្ឋកិច្ចដោយការដកប្រជាជនពាក់កណ្តាលរបស់ខ្លួនចេញនោះឡើយ”។
“ការរឹតបន្តឹងមិនអាចយល់បានទាំងនេះ ដែលបានដាក់លើស្ត្រីនិងក្មេងស្រី នឹងមិនត្រឹមតែបង្កើនការរងទុក្ខវេទនារបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំបារម្ភថានឹងបង្កហានិភ័យហួសពីព្រំដែនរបស់អាហ្វហ្គានីស្ថានទៀតផង”៕
មេដឹកនាំអ៊ីស្លាមនិយមរឹងរូសបានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល
ស្រ្តីអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការបំបិទសេរីភាពរបស់គេពីក្រុមតាលីបង់