ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីកាលពីថ្ងៃអង្គារបានសងសឹកចំពោះការកំណត់ថ្លៃប្រេងរបស់ខ្លួនទាបជាងថ្លៃប្រេងនៅទីផ្សារ នៅពេលកងកម្លាំងអ៊ុយក្រែននិងរុស្ស៊ីកំពុងប្រយុទ្ធគ្នាដ៏ខ្លាំងនៅម្តុំទីក្រុងបាក់មុតភាគខាងកើត។
ពូទីនចេញក្រិតហាមលក់ប្រេងអោយប្រទេសដែលចូលរួមផែនការកំណត់ថ្លៃប្រេងរុស្ស៊ី
រដ្ឋាភិបាលទីក្រុងមូស្គូនឹងឈប់លក់ប្រេងទៅអោយប្រទេសណាដែលបានចូលរួមការកំណត់ថ្លៃប្រេងរុស្ស៊ីកាលពីថ្ងៃ០៥ធ្នូបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រិតមួយកាលពីថ្ងៃអង្គារ។
ការកំណត់ថ្លៃប្រេងដែលពិភពលោកមិនដែលជួបសូម្បីតែក្នុងអំឡុងសង្គ្រាមត្រជាក់រវាងលោកខាងលិចនិងសហភាពសូវៀត មានបំណងបិទខ្ទប់ចំណូលរបស់រដ្ឋាភិបាលទីក្រុងមូស្គូដើម្បីកុំអោយរុស្ស៊ីយកលុយទៅធ្វើសង្គ្រាមនៅប្រទេសក្បែរខាងអ៊ុយក្រែន។ក្រោមផែនការនេះ ឈ្មួញប្រេងដែលចង់ចូលប្រើប្រាស់ហិរញ្ញវត្ថុលោកខាងលិចសំរាប់ការធានារ៉ាប់រងត្រូវតែសន្យាមិនទិញប្រេងរុស្ស៊ីលើសពីតំលៃ៦០ដុល្លារក្នុងមួយបារ៉ែលឡើយ។
ថ្លៃនេះស្ទើរតែស្មើនឹងថ្លៃដែលរុស្ស៊ីលក់ចេញនាពេលបច្ចុប្បន្ន តែទាបជាងឆ្ងាយពីថ្លៃប្រេងដែលរុស្ស៊ីបានលក់ចេញនៅមួយឆ្នាំមកនេះ ដោយចំណូលបានមកពីប្រេងជួយអោយរដ្ឋាភិបាលទីក្រុងមូស្គូអាចទូទាត់នឹងការខាតបង់បង្កឡើងពីទណ្ឌកម្មហិរញ្ញវត្ថុរបស់លោកខាងលិច។
ក្រិតចេញពីពូទីន និងចេញផ្សាយក្នុងគេហទំព័ររដ្ឋាភិបាលមួយបាននិយាយថា ក្រិតនេះតំណាងអោយការឆ្លើយតបផ្ទាល់មួយចំពោះ«អំពើអមិត្តនិងផ្ទុយពីច្បាប់អន្តរជាតិដឹកនាំធ្វើដោយអាម៉េរិកនិងបណ្តារដ្ឋបរទេស ព្រមទាំងអង្គការអន្តជាតិខ្លះ»។
វានឹងនាំដល់ការហាមលក់ប្រេងឆៅទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងផែនការកំណត់ថ្លៃចាប់ពីថ្ងៃ១កុម្ភៈ ដល់ថ្ងៃ១កក្កដា ឆ្នាំ២០២៣។ បំរាមដាច់ដោយឡែកមួយទៀតអនុវត្តលើផលិតផលប្រេងចំរាញ់ហើយ ដូចជាប្រេងសាំង និងម៉ាស៊ូត។
សូមបញ្ជាក់ថា រុស្ស៊ីជាប្រទេសនាំចេញប្រេងធំបំផុតលំដាប់ទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយបញ្ហារំខាន់ណាមួយចំពោះការលក់ប្រេងរបស់ខ្លួននឹងបង្កផលវិបាកចំពោះការផ្គត់ប្រេងសកល។
នៅសមរភូមិខាងកើតនិងខាងត្បូងអ៊ុយក្រែន កងកម្លាំងរុស្ស៊ីជាថ្មីទៀតបានបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកលើទីប្រជុំជននិងទីក្រុងនានាកាលពីថ្ងៃអង្គារ។បន្ទាប់ពីការវាយរុលទៅមុខចាប់យកទឹកដីមួយចំនួនមកវិញកាលពីសរទរដូវ សង្គ្រាមឥឡូវឈានចូលដំណាក់កាលយឺត ប្រទាញប្រទង់នៅពេលអាកាសធាតុរដូវរងារគ្របដណ្តប់តំបន់សមរភូមិ។
ទីក្រុងឃើសុនរងការបាញ់ផ្លោងពីកងកម្លាំងរុស្ស៊ី
ការប្រយុទ្ធគ្នាដ៏ខ្លាំងត្រូវបានរាយការណ៍នៅម្តុំទីក្រុមបាក់មុត(Bakhmut)ភាគខាងកើត ដែលរុស្ស៊ីព្យាយាមវាយយកអស់ពេលរាប់ខែមកហើយដោយចំណាយអាយុជីវិតទាហានជាច្រើន និងនៅភាគខាងជើងនៅក្នុងទីប្រជុំជន ស្វាតូវ(Svatove)និងក្រេមីនណា(Kreminna) កន្លែងដែលកងកម្លាំងអ៊ុយក្រែនព្យាយាមទម្លុះខ្សែការពាររុស្ស៊ី៕
កងកម្លាំងអ៊ុយក្រែនបាញ់រ៉ុក្កែតនិងកាំភ្លើងធំនៅសមរភូមិតំបន់ខាគីវនិងលុនហាន់សខ៍