ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជនជាតិស៊ែបកាលពីថ្ងៃអង្គារទី២៧ធ្នូបានដំឡើងរបាំងបិទផ្លូវបន្ថែមទៀតនៅភាគខាងជើងកូសូវ៉ូនិងបានផ្គើននឹងការទាមទាររបស់អន្តរជាតិដើម្បីដកចេញនូវអ្វីដែលបានដាក់បាំងផ្លូវ ពោលគឺមួយថ្ងៃបន្ទាប់ពីស៊ែប៊ីបានដាក់កងទ័ពរបស់ខ្លួននៅជិតព្រំដែនឱ្យត្រៀមប្រយុទ្ធក្នុងកម្រិតខ្ពស់។
របាំងថ្មី ដែលធ្វើពីឡានដឹកទំនិញធុនធ្ងន់ បានដំឡើងនៅពេលយប់នៅទីប្រជុំជនមីត្រូវីកា (Mitrovica)នៅភាគខាងជើងកូសូវ៉ូដែលបែងចែករវាងជនជាតិស៊ែបកូសូវ៉ូនិងជនជាតិដើមអាល់បានី ដែលតំណាងឱ្យចំនួនភាគច្រើននៅកូសូវ៉ូទាំងមូល។
វាជាលើកទីមួយហើយចាប់តាំងពីវិបត្តិថ្មីៗនេះបានចាប់ផ្តើម ដែលជនជាតិស៊ែបបានបិទផ្លូវនៅក្នុងទីប្រជុំជនសំខាន់មួយ។ រហូតមកទល់ពេលនេះ របាំងត្រូវបានដាក់នៅលើផ្លូវដែលនាំទៅកាន់ព្រំដែនកូសូវ៉ូ-ស៊ែប៊ី។
ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌឺ វូស៊ិក (Aleksandar Vucic) បាននិយាយថា លោកបានបញ្ជាឱ្យកងទ័ពប្រុងជើងការខ្ពស់បំផុត “ដើម្បីការពារប្រជាជនរបស់យើង (នៅកូសូវ៉ូ)និងការពារប្រទេសស៊ែប៊ី”។
លោកបានអះអាងថា រដ្ឋាភិបាលក្រុងព្រីស្ទីណា (Pristina) កំពុងត្រៀម “វាយប្រហារ” លើជនជាតិស៊ែបកូសូវ៉ូនៅភាគខាងជើងប្រទេស ហើយប្រើកម្លាំងដកចេញនូវរបាំងបិទផ្លូវ ដែលជនជាតិស៊ែបបានដំឡើងកាលពី ១៨ ថ្ងៃមុនដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនអតីតមន្ត្រីប៉ូលិសស៊ែបកូសូវ៉ូ។
កាលពីថ្ងៃអង្គារលោកវូស៊ិកបាននិយាយទៅកាន់អ្នកសារព័ត៌មានរួមគ្នាជាមួយបុព្វជិតស៊ែបដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរកូសូវ៉ូកាលពីថ្ងៃចន្ទមិនឱ្យចូលកូសូវ៉ូនិងចុះទៅព្រះវិហារស៊ែបមជ្ឈិមសម័យនៅទីនោះ មុនពេលបុណ្យណូអែលរបស់សាសនាគ្រិស្តអូស្សូដក់ស៊ែប ដែលត្រូវប្រារព្ធនៅថ្ងៃទី ៧ ខែមករា។
លោកវ៉ូស៊ិកបានរិះគន់ខ្លាំងៗលើលោកខាងលិចនិងអាជ្ញាធរជនជាតិដើមអាល់បានីរបស់កូសូវ៉ូចំពោះផែនការរួមគ្នាដើម្បី “បង្កភាពចលាចលនិងសម្លាប់ជនជាតិស៊ែប” ដែលកំពុងការពាររបាំងបិទផ្លូវ។
លោកបាននិយាយថា”គោលបំណងរបស់ពួកគេគឺបណ្តេញជនជាតិស៊ែបចេញពីកូសូវ៉ូ…ជាមួយជំនួយពីភ្នាក់ងាររបស់ពួកគេនៅទីក្រុងបែលក្រាដ”ដែលទំនងសំដៅទៅលើក្រុមប្រឆាំងដ៏កម្រនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលរិះគន់ការដោះស្រាយវិបត្តិកូសូវ៉ូនិងគោលនយោបាយផ្តាច់ការខ្លាំងឡើងរបស់គាត់។
ទោះយ៉ាងណា លោកបាននិយាយថា បច្ចុប្បន្នលោកកំពុងចរចាជាមួយសហភាពអឺរ៉ុបនិងអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាម៉េរិក “លើការរក្សាសន្តិភាពនិងការស្វែងរកដំណោះស្រាយសម្របសម្រួល” សម្រាប់វិបត្តិបច្ចុប្បន្ន៕
ផ្លូវឆ្លងកាត់ទីប្រជុំជនមីត្រូវីកាត្រូវបានបិទដោយជនជាតិស៊ែប
ទាហានស៊ែបប្រុងជើងការប្រយុទ្ធខ្ពស់ ខណៈភាពតានតឹងកើនឡើងនៅកូសូវ៉ូ