ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា បានប្រកាសកាលពីថ្ងៃអង្គារទី២៧ធ្នូថា ជប៉ុននឹងរឹតបន្តឹងការគ្រប់គ្រងព្រំដែនសម្រាប់កូវីដ១៩ដោយតម្រូវឱ្យធ្វើតេស្តិ៍សម្រាប់ភ្ញៀវទាំងអស់ពីប្រទេសចិនចាប់ពីថ្ងៃសុក្រតទៅ សម្រាប់ជាវិធានការបន្ទាន់បណ្តោះអាសន្នប្រឆាំងនឹងកំណើនករណីឆ្លងនៅទីនោះ។
ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃរបាយការណ៍ករណីឆ្លងធ្ងន់ធ្ងរនៅទូទាំងប្រទេសចិន បន្ទាប់ពីប្រទេសនេះបានបោះបង់ចោលភាគច្រើននូវគោលនយោបាយ “កូវីដសូន្យ” របស់ខ្លួន។
ការធ្វើតេស្តិ៍អង់ទីហ្សែន ដែលត្រូវបានធ្វើឡើងរួចហើយលើអ្នកចូលមកសង្ស័យមានកូវីដ១៩ នឹងតម្រូវឱ្យធ្វើជាចាំបាច់សម្រាប់មនុស្សទាំងអស់ដែលមកពីចិនដីគោក។អ្នកដែលធ្វើតេស្តិ៍វិជ្ជមាននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃនៅឯកន្លែងដែលបានកំណត់ ហើយសំណាករបស់ពួកគេនឹងត្រូវប្រើសម្រាប់ការវិភាគហ្សែន។
វិធានការនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ស្របពេលដែលជប៉ុនឈានចូលរដូវបុណ្យចូលឆ្នាំថ្មី ដែលកត់សម្គាល់ដោយពិធីជប់លៀងនិងការធ្វើដំណើរនៅពេលដែលការឆ្លងមេរោគកូរ៉ូណាត្រូវគេរំពឹងថានឹងកើនឡើង។
កាលពីសប្តាហ៍មុន ឥណ្ឌាក៏បានបញ្ជាឱ្យធ្វើតេស្តិ៍រកកូវីដ១៩ផងដែរសម្រាប់អ្នកដំណើរមកពីចិន ជប៉ុន ហុងកុង កូរ៉េខាងត្បូង និងថៃខណៈបញ្ជាឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានរោគសញ្ញាឬធ្វើតេស្តិ៍វិជ្ជមាន។ ឥណ្ឌាក៏បានចាប់ផ្តើមធ្វើតេស្តិ៍ចោះៗលើអ្នកដំណើរអន្តរជាតិ២ភាគរយ ដែលមកដល់អាកាសយានដ្ឋានផងដែរ។
លោកគីស៊ីដាបាននិយាយថា កង្វះព័ត៌មាននិងតម្លាភាពរបស់ចិនអំពីការឆ្លងកូវីដបានធ្វើឱ្យមានការលំបាកក្នុងការវាយតម្លៃនិងដោះស្រាយវិធានការសុវត្ថិភាព។ លោកបានបន្តថាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងព័ត៌មានពីអាជ្ញាធរថ្នាក់លើនិងថ្នាក់មូលដ្ឋាន និងរវាងរដ្ឋាភិបាលនិងអង្គការឯកជននានា។ “មានការបារម្ភខ្លាំងឡើងនៅជប៉ុន។យើងបានសម្រេចចិត្តចាត់វិធានការពិសេសបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងស្ថានភាពនេះ”។
ថ្វីបើមានការរីករាលដាលមេរោគយ៉ាងទូលំទូលាយដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ធនធានវេជ្ជសាស្ត្រនិងរំខានដល់អាជីវកម្មយ៉ាងណាក៏ដោយ ក៏ចិនកាលពីថ្ងៃចន្ទបាននិយាយថាអ្នកដំណើរដែលមកដល់ពីបរទេសនឹងលែងត្រូវធ្វើចត្តាឡីស័កទៀតហើយចាប់ពីថ្ងៃទី ៨ ខែមករា ទោះបីជាលទ្ធផលតេស្តិ៍អវិជ្ជមានក្នុងរយៈពេល ៤៨ម៉ោងនៃការចេញដំណើរនិងការពាក់ម៉ាស់ក្នុងយន្តហោះនៅតែតម្រូវឱ្យមានដដែលក៏ដោយ៕
ប្រជាជនចិនដើរទៅធ្វើការនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២