ដោយៈ ប.ខុន / ភ្នំពេញៈ នៅអំឡុងពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា នៅតំបន់មាត់ សមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង ជាមួយនឹងរលកសមុទ្រខ្ពស់ៗ នៅពេលយប់ និងពេលព្រឹក ដោយសារឥទ្ធិពលសម្ពាធទាប ដែលកើតមាន មួយហើយមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង តែពេលរសៀល ថយឥទ្ធិពលទៅវិញ។ ក្រៅពីអាកាសធាតុ ត្រជាក់ ដោយសារឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ រុញចុះមកខ្លាំង នៅអំឡុងចុងសប្តាហ៍ទី១ ខែមករា ខាងមុខ អាចមានភ្លៀងធ្លាក់តិចតួច ក្នុងប្រទេសកម្ពុជា ដោយសារសម្ពាធទាប រុញមកពីសមុទ្រចិនខាងត្បូង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្លលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថាៈ នៅអំឡុងពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រ និងលើលំហសមុទ្រ អាចមានខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ជាពិសេសនៅពេលយប់ និងពេលព្រឹក ដោយសារ ឥទ្ធិពលសម្ពាធទាប ដែលកើតមាន មួយហើយមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង។ តែនៅពេលរសៀល ខ្យល់ថយឥទ្ធិពលបន្តិចទៅវិញ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សម្ពាធទាបដែលរុញ កាត់លើភាគខាងត្បូង ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង មួយហើយ មួយទៀត មិនបង្កឱ្យមានភ្លៀងធ្លាក់ ដល់ប្រទេសកម្ពុជាទេ ដោយសារសម្ពាធខ្ពស់ មានឥទ្ធិពលខ្លាំង រុញសម្ពាធទាប ដែលដើរចូលដល់ក្នុងសមុទ្រចិនខាងត្បូង ធ្លាក់ចុះក្រោម (ត្បូង) បន្ទាប់ពីបង្កឱ្យមានភ្លៀងធ្លាក់ រាល់ថ្ងៃ រហូតដល់ជំនន់ នៅលើប្រទេសហ្វីលីពីន។

នៅអំឡុងចុងសប្តាហ៍ទី១ នៃខែមករា អាចមានភ្លៀងធ្លាក់តិចតួច នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង អាកាសធាតុត្រជាក់ នៅតែមានបន្ត ព្រមពេលតំបន់ខ្លះ នៃប្រទេសវៀតណាម ខាងជើង មានធ្លាក់ព្រិល បន្តបន្តបន្ទាប់។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន ក្នុងកម្រិតមធ្យម ធ្វើឱ្យសីតុណ្ហភាពអប្បបរមា នៅកន្លែងខ្លះ នៃតំបន់ខ្ពង់រាប អាចចុះដល់រង្វង់កម្រិត ១៥ អង្សាសេ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបធ្វើឲ្យតំបន់វាលទំនាប កណ្តាល ​មានសីតុណ្ហភាពអប្បបរមាពី ១៨ ទៅ ២២ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។

នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥ ទៅ ១៩ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ពី ១៥ ទៅ ១៧ អង្សាសេ នាពេលព្រឹក និងយប់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២២ អង្សាសេ សីតុណ្ហភាពអតិបរមាពី ២៩ ទៅ ៣២ អង្សាសេ៕/V-PC