ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល ពិនិត្យឃើញមានការចែកចាយ និងលក់ឱសថឈ្មោះ Trajenta គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Trajenta មានលេខបញ្ជិកា CAM R.0583-13 ដែលចែកចាយ ដោយក្រុមហ៊ុន DK.SH (Cambodia) Ltd ហើយក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គល ដែលចែកចាយ ឬលក់ឱសថ គ្មានលេខបញ្ជិកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើ នេះជាបន្ទាន់។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនទិញ និងប្រើប្រាស់ឱសថ ដែល គ្មានលេខបញ្ជិកា ជាបន្តទៀត ព្រោះឱសថនេះ មិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្ដាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថ គ្មានលេខបញ្ជិកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថ ខាងលើ នេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕/V-PC