ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯក ជាតិ ឆ្នាំ២០២២ នៅទឹកដីអង្គរ នៃខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុបជាង ៤០០ នាក់។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ ខ្មែរកីឡាទោចក្រយាន។

អគ្គលេខាធិការ សហព័ន្ធកីឡាប្រណាំងទោចក្រយាន លោក នូ ចំរើន បានឲ្យដឹងថាៈ ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកំណើន កីឡាករ កីឡាការិនី ចូលរួមប្រមាណ ១០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ។ អ្វីដែលពិសេស ការប្រកួតបានរៀបចំតាមលក្ខណៈស្ដង់ ដារខ្ពស់ នៅលើទីលាននៃកម្ពុជា ត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជាការតេស្ដសាកល្បងកម្រិតខ្ពស់ថ្នាក់ជាតិ លើកចុងក្រោយ មុនឈានទៅរៀបចំ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣។

ជាលទ្ធផលបច្ចេកទេស ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ លើប្រភេទកង់គួក និង
កង់ភ្នំ ដែលមានសរុប ៧ វិញ្ញាសា គឺក្លិប ECT ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) ក្រុមកងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១) ក្នុងខណៈដែលក្រុមកង់ ខេត្តកំពត, ក្រុម Elecctro Racing, ក្រុម Wheelers Cycling និងក្រុមកង់រំពេ គឺដណ្ដើម បានមេដាយមាស ១គ្រឿងដូចៗគ្នា។

លោកប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាប្រណាំងទោចក្រយានកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ទសហការ រៀបចំការប្រកួតខាងលើ ពិសេសក្រោមគម្រោង ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជន ក៏ដូចជាអាជ្ញាធរ ខេត្តសៀមរាប ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាមួយនេះ​ ក៏ដូចជាការខិតខំប្រឹងប្រែង របស់មន្ដ្រីបច្ចេកទេសសហព័ន្ធ និងកីឡាករ-កីឡាការិនី ដែលបានប្រកាន់ភ្ជាប់នូវ ស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីបង្កើនគុណផលបច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕/V-PC