ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានអះអាងថាៈ បច្ចុប្បន្ន នេះ កម្ពុជា​គឺជា​ប្រទេសមួយ ដែលប្រកាន់ភ្ជាប់ នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយ​គឺជារាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋ មានសិទ្ធិសម្រេចជ្រើស​រើសអ្នកតំណាងរបស់ខ្លួន តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ហើ​កម្ពុជា អត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យ ដូចជាការលើកឡើងរបស់ ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិល មួយចំនួននោះទេ។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ ទាក់ទងការលើកឡើងរបស់ក្រុម សង្គមស៊ីវិលមួយចំនួន ដែលនិយាយដដែលៗ អំពីការបើកលំហរឲ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំនួរថា តើលំហរប្រជាធិបតេយ្យ ដែលពួកគេចង់បាននឹង គឺបែបណា? ជាលំហរប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេ អ្នកបញ្ជាចង់បាននោះ ឬយ៉ាងណា? ។ លំហរប្រជាធិបតេយ្យ ចង់និយាយថា ទាល់តែឲ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឲ្យលុយនៅពីក្រោយ ហើយដែលពួកគេ ប្រើប្រាស់ ជាក្រុមអ្នកនយោបាយ ដើម្បីញុះញង់បង្កឲ្យមានចលាចល នៅក្នុងប្រទេស កម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឲ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយ ដែលប្រកាន់ ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋ មានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួន តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយយើងនឹង បោះឆ្នោតតំណាងថ្នាក់ជាតិ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយ ដែលបានចុះបញ្ជី ចុះឈ្មោះស្របច្បាប់ នៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិចូលរួមប្រកួត ប្រជែង ដោយដាក់បេក្ខជន របស់ខ្លួនជាតំណាង ដើម្បីឃោសនារកសម្លេងឆ្នោតគាំទ្រ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ។ សួរថាលទ្ធិប្រជាធិបតេយ្យ ឬក៏លំហរប្រជាធិបតេយ្យ ដែលពួកគេចង់បាន វាលើសពីនឹង ឬក៏យ៉ាងម៉េច?។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានអះអាងថា “កម្ពុជាអត់មានបាត់បង់លទ្ធិប្រជា ធិបតេយ្យទេ កម្ពុជាអត់មានបាត់បង់សេរីភាពទេ សេរីភាពបញ្ចេញមតិ ដែលពួកគេ និយាយថា បាត់បង់មានការរិតត្បិតនោះ យើងសួរត្រឡប់ទៅវិញថា តើអ្វីដែលពួកគេ កំពុងតែរិះគន់ ចោទប្រកាន់រដ្ឋាភិបាល គ្រប់សព្វបែបយ៉ាងណានេះ វាមិនមែនជាសេរីភាព បញ្ចេញមតិទេ ឬមួយយ៉ាងម៉េច? មួយវិញទៀត យើងសួរថា ការចាប់ខ្លួនដោយអនុវត្ត ច្បាប់ របស់កម្ពុជា ដើម្បីចាប់ខ្លួនបុគ្គល ឬជនណា ដែលរំលោភច្បាប់បំពានច្បាប់សួរថា អាហ្នឹងវារំលោភទៅដល់សិទ្ធិមនុស្ស ឬយ៉ាងម៉េច? នៅប្រទេសដទៃ ជាពិសេសចង់ចោទ សួរឲ្យចំថា នៅសហរដ្ឋអាមេរិក ឬក៏នៅប្រទេស ក្នុងសហគមន៍អឺរ៉ុប មនុស្សដែលធ្វើខុស ច្បាប់ គេអត់ចាប់ដាក់គុកទេ ឬមួយយ៉ាងម៉េច?។ ខ្ញុំសូមជម្រាបថា បើសិនជាក្រុមអ្នកវិភាគ ឬក៏អ្នកតាមដានសង្គមនោះ បើកខួរក្បាលឲ្យទូលំទូលាយ មើលឲ្យច្បាស់ អំពីការអនុវត្ត ច្បាប់ នៅក្នុងប្រទេសសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេស សម្ព័ន្ធមិត្ត ប្រជាធិបតេយ្យ សេរី របស់អាមេរិកទាំងអស់ គឺត្រូវឲ្យខ្លួនហ៊ាននិយាយការពិត ផង ប្រទេសរបស់គេ គឺគេយកច្បាប់ជាធំ អ្នកណាក៏ដោយ ឲ្យតែប្រព្រឹត្តខុសច្បាប់ មិនគោរពច្បាប់ គឺថាគេមិនបណ្តែតបណ្តោយ ឲ្យជននោះនៅក្រៅច្បាប់ទេ។ យើងឃើញហើយ ហេតុអ្វីប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសខ្លួន ដែលទៅរស់នៅ អាមេរិក ហើយដែលប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិក ត្រូវបានគេចាប់បញ្ជូនមក ប្រទេសកម្ពុជាវិញ សួរថា អាហ្នឹងគេលើកលែងទេ? គេដែលលើកលែងបុគ្គលដែលរំលោភ ច្បាប់ដែរទេ”។

លោក សួន សេរីរដ្ឋា បានបន្តថាៈ ចំពោះក្រុមអ្នកវិភាគដែលតាំងខ្លួនជាអ្នកតាមដានសង្គម នយោបាយ តើបានមើលនិងវិភាគគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យតម្លៃទៅលើការអនុវត្តច្បាប់ និងគោរពច្បាប់នឹងដែរទេ? ឬមួយគ្រាន់តែការវិភាគនេះ ជាផ្នែកមួយនៃការវិភាគញុះញង់ វ៉ៃបង្អាប់ រិះគន់រដ្ឋាភិបាល ដើម្បីរកសម្លេងប្រជាពលរដ្ឋ ឬសម្លេងឆ្នោតគាំទ្រ ទៅក្រុមបក្ស នយោបាយមួយ ដែលពួកខ្លួនឯងគាំទ្រតែប៉ុណ្ណោះទេ? ។ បើសិនជាវិភាគឲ្យអព្យាក្រឹត្យ អត់លំអៀង គឺយើងត្រូវមើល និងឲ្យតម្លៃទៅលើប្រព័ន្ធអនុវត្តច្បាប់ ទៅលើជនដែលបាន ប្រព្រឹត្តខុសច្បាប់ និងអ្នកដែលល្មើសច្បាប់ទាំងឡាយ ដែលរដ្ឋាភិបាល បានកំពុងតែ ដំណើរការ ប្រព័ន្ធនីតិរដ្ឋរបស់ខ្លួន។ ដូច្នេះអ្វីដែលពួកគេលើកឡើង ហើយគ្រប់បុគ្គល មនុស្ស ដែលពួកគេសម្ភាសន៍ ដើម្បីមកធ្វើការវ៉ៃប្រហារ មកលើរដ្ឋាភិបាល គឺយើងសុទ្ធ តែដឹង សុទ្ធតែស្គាល់បុគ្គលនឹង និងដឹងពីប្រភពបុគ្គលនឹងមកពីណា និន្នាការនយោបាយ របស់ពួកគេគាំទ្រអ្នកណា រួចបាត់ទៅហើយ។ យើងស្ទើរតែមិនចាំបាច់ឆ្លើយតបទេ ក៏ប៉ុន្តែដើម្បីបំភ្លឺឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ប្រជាពលរដ្ឋដែលជាអ្នកសម្រេច ជោគវាសនារបស់អ្នកនយោបាយ បានដឹង និងកុំឲ្យមានការភ័ន្តច្រឡំ និងកុំឲ្យចាញ់បោក ពួកអ្នកនយោបាយ ពួកអ្នកវិភាគញុះញង់ទាំងឡាយណា ដែលចង់ឲ្យកម្ពុជាវិល ទៅរកអតីតកាលវិញ ប្រកបដោយគ្រោះថ្នាក់ ប្រកបដោយទុក្ខវេទនា។ ពីព្រោះ កម្ពុជា បច្ចុប្បន្ន បើសិនជាយើងស្តាប់តាមការវិភាគ ស្តាប់តាមការរាយការណ៍ របស់ជនបរទេស មួយចំនួន ឬក្រុមខ្មែរមួយចំនួន ដែលស៊ីឈ្នួលបរទេស គឺមើលទៅកម្ពុជា ប្រៀបដូចជា ឋាននរកអីចឹង ។ ប៉ុន្តែបើសិនជាគ្រប់គ្នា យកភ្នែករបស់ពួកគេផ្ទាល់ មកមើលដល់កម្ពុជា ហើយឃើញការពិត នៅក្នុងកម្ពុជា បានយើងទទួលស្គាល់ថា កម្ពុជាគឺជាឋានសួគ៌ដ៏ តូចមួយ ដែលមានអ្វីៗគ្រប់សព្វបែបយ៉ាងទាំងអស់។

យើងស្តែងចេញតាមរយៈ ការលើកសរសើររបស់ បណ្តាប្រទេសប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ នៃបណ្តាប្រទេសធំៗមួយចំនួន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដែលយើងបានរៀបចំបដិសណ្ឋារ កិច្ច ទទួល រួមទាំងប្រធានាធិបតីនៃប្រទេសមហាអំណាច រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី និងបណ្តាប្រទេសដែលជាដៃគូររបស់អង្គការ សមាគមអាស៊ាន ដែលបានអញ្ជើញមកដល់កម្ពុជា។ ពួកគេសុទ្ធតែទទួលស្គាល់ថា កម្ពុជាគឺជាទឹកដីដ៏ ត្រជាក់ត្រជុំ គឺជាទឹកដីដែលមានសន្តិភាពពិតប្រាកដ មានការអភិវឌ្ឍន៍ ជាពិសេស បានងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ៕ V / N