ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធទី២៨ធ្នូថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានបង្ហាញនូវគោលដៅមិនបានបញ្ជាក់ជាច្រើនដើម្បីពង្រឹងអំណាចយោធារបស់លោកនៅឆ្នាំក្រោយនៅក្នុងកិច្ចប្រជុំមួយរបស់មន្ត្រីនយោបាយកំពូល នៅក្នុងការចង្អុលបង្ហាញថា លោកនឹងបន្តការសម្ញែងអាវុធដ៏បង្កហេតុរបស់លោកបន្តទៀត។
សេចក្តីថ្លែងការណ៍របស់លោកគីមបានកើតឡើងនៅពេលដែលអរិភាពជាមួយគូប្រជែងកូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះខណៈកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបង្ហោះដ្រូនឆ្លងកាត់ព្រំដែនរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។
នៅឆ្នាំនេះ កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាច្រើនលើករួចមកហើយនៅក្នុងអ្វីដែលអ្នកជំនាញហៅថាការប៉ុនប៉ងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួននិងបង្កើនអានុភាពរបស់ខ្លួនក្នុងការដោះស្រាយនាពេលអនាគតជាមួយសហរដ្ឋអាម៉េរិក។
ក្នុងអំឡុងសម័យប្រជុំកាលពីថ្ងៃអង្គារ លោកគីមបានវិភាគបញ្ហាប្រឈមសន្តិសុខថ្មីនៅក្នុងនយោបាយអន្តរជាតិនិងនៅឧបទ្វីបកូរ៉េហើយបានបញ្ជាក់ពីគោលការណ៍និងទិសដៅនានាដើម្បីទប់ទល់នឹងទំនាក់ទំនងពីខាងក្រៅនិងការតស៊ូប្រឆាំងនឹងសត្រូវដើម្បីការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាព នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ (KCNA)។
KCNA បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា លោកគីម “បានដាក់ចេញនូវគោលដៅសំខាន់ៗថ្មីសម្រាប់ការពង្រឹងសមត្ថភាពការពារខ្លួនដែលពឹងផ្អែកលើខ្លួនឯង ដែលនឹងជំរុញទៅមុខនៅឆ្នាំ ២០២៣ ក្រោមស្ថានភាពប្រែប្រួលពហុភាគី”។
អ្នកសង្កេតការណ៍ខ្លះនិយាយថា គោលដៅថ្មីអាចទាក់ទងនឹងការជំរុញរបស់លោកគីមក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់គាត់ និងណែនាំប្រព័ន្ធអាវុធបច្ចេកវិជ្ជាខ្ពស់ដូចជាកាំជ្រួចបំពាក់ក្បាលគ្រាប់ច្រើនប្រភេទ អាវុធរយៈចម្ងាយឆ្ងាយដែលរហ័សជាងមុន ផ្កាយរណបចារកម្ម និងដ្រូនទំនើប។ ពួកគេនិយាយថា នៅទីបំផុតលោកគីមនឹងមានបំណងប្រើប្រាស់សមត្ថភាពនុយក្លេអ៊ែររបស់គាត់ ដើម្បីបង្ខំគូប្រជែងរបស់ខ្លួនឱ្យទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរស្របច្បាប់ ជាឋានៈមួយដែលគាត់គិតថាមានសារៈសំខាន់ក្នុងដកទណ្ឌកម្មអន្តរជាតិពីប្រទេសរបស់គាត់។
កាលពីថ្ងៃចន្ទ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាននិងបើកយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រប្រដេញ បន្ទាប់ពីបានរកឃើញអ្វីដែលគេហៅថាដ្រូនរបស់កូរ៉េខាងជើងចំនួនប្រាំគ្រឿង ដែលបានរំលោភលើដែនអាកាសរបស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងក៏បានបង្ហោះដ្រូនឃ្លាំមើលផ្ទាល់ខ្លួនរបស់ខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើងជាការឆ្លើយតបផងដែរ៕
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន