ដោយ: ភ្នំខៀវ / បាត់ដំបងៈ មន្ត្រីជលផល បានបញ្ជាក់ថាៈ ករណីត្រីអណ្តែងងាប់ នៅក្នុង តំបន់អភិរក្សរាំងពេន ៣ត ខេត្តបាត់ដំបង គឺបណ្ដាលមកពីមានការពាក់ព័ន្ធនឹងធម្មជាតិ។លោក ជួង សុភា ប្រធានជលផលបាត់ដំបង បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ នេះថាៈ ហ្វូងមច្ឆជាតិប្រភេទត្រីអណ្តែង ដែលភាគច្រើន មានអាយុពី ៤ ទៅ ៥ខែ ងាប់ច្រើននេះ អាចបណ្តាលមកពីកត្តាធម្មជាតិធំៗ ចំនួន ៣ ក្នុងនោះ ទី១. អាចមកពី អាកាសធាតុប្រែប្រួលឡើង មេឃក្តៅស្អុះស្អាប់ ដែលច្រើនបង្កបញ្ហាដល់ហ្វូងត្រី នៅពេលព្រឹក ជិតភ្លឺ បង្កឲ្យត្រីខ្វះអុកស៊ីសែន និងហៅម៉្យាងទៀតថា ត្រីស៊ីសម ( ពុល ), កត្តាទី២. អាចបណ្តាលមកពីត្រីច្រើន ចង្អៀតពេក និងកត្តាទី៣. អាចមកពីទឹកល្អក់ ដោយសារមានស្លឹកឈើច្រើន កម្ទេចកម្ទីររុក្ខជាតិ រលួយកកខាប់ខ្លាំង នៅក្នុងបឹង ផ្តល់ពន្លឺ មិនបានគ្រប់គ្រាន់ ទើបជាហេតុនាំឲ្យហ្វូងត្រី ប្រឈមនឹងការប៉ះពាល់ ឬងាប់។
មន្ត្រីខាងលើ បានផ្តល់ដំណោះស្រាយ ផ្អែកតាមជំនាញបច្ចេកទេស ដោយលើកឡើងថាៈ ការប៉ះពាល់ដោយធម្មជាតិ ក្នុងហេតុការណ៍ ត្រីងាប់នេះ មានវិធីសាស្ត្រដោះស្រាយ មួយចំនួន រួមមាន: នៅព្រឹកព្រហាម ត្រូវបូមទឹកបាញ់ឡើងលើ ដើម្បីឲ្យទឹកបែកខ្ចាយ ផ្តល់អុកស៊ីសែនគ្រប់គ្រាន់ ជួយដល់ត្រី, វិធីបូមទឹកចាស់ចេញខ្លះ ហើយយកទឹកថ្មី បូមចូល ផ្លាស់ប្តូរទឹក និងអាចកាប់មេឃឈើ ដែលដុះក្នុងទឹក ឬទន់ទេរស្អេកស្កះ ទៅរកទឹកឲ្យ ស្រឡះ ផ្តល់អុកស៊ីសែន និងពន្លឺបានគ្រប់ល្អ។
សូមបញ្ជាក់ថា ត្រីអណ្តែង នៅក្នុងដែនអភិរក្ស រាំងពេន ៣ត ដែលលាតសន្ធឹងរាប់សិប ហិកតា បានងាប់យ៉ាងច្រើន ជាបន្តបន្ទាប់គ្នា ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ មក ដែលភាគច្រើន មានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗ មានទម្ងន់ពី ២ ទៅ ៣ខាំ៕ V / N