ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ដោយទឹកជំនន់នៅហ្វីលីពីនបានកើនដល់២៦នាក់ នេះបើតាមការបញ្ជាក់ពីពួកមន្ត្រីកាលពីថ្ងៃពុធ ដោយព្យុះជាច្រើនទៀតត្រូវរំពឹងថានឹងទម្លាក់់ទឹកភ្លៀងបន្ថែមទៀតនៅតំបន់ខាងត្បូងនិងកណ្តាលប្រទេស។
មនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំអោយភៀសខ្លួនចេញពីផ្ទះរបស់គេនៅពេលការធ្លាក់ភ្លៀងខ្លាំងបានពន្លិចភូមិជាច្រើន ទីប្រជុំជននិងផ្លូវហាយវ៉េនៅថ្ងៃបុណ្យគ្រីសម៉ាស ដោយបង្អាក់សកម្មភាពអបអរសប្បាយនៅក្នុងប្រជាជាតិមានអ្នកកាន់សាសនាកាតូលិចភាគច្រើនមួយនេះ។
យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ដោយការលង់ទឹកនៅក្នុងខេត្ត មីសាមីស អុកស៊ីដេនថល(Misamis Occidental)នៅលើកោះមីនដាណាវខាងត្បូង។មនុស្ស២៦នាក់ទៀតនៅបាត់ខ្លួននិងប្រាំបួននាក់រងរបួស។
ខេត្ត មីសាមីស អុកស៊ីដេនថល ជួបការធ្លាក់ភ្លៀងឥតឈប់និងជន់លិចតាំងពីថ្ងៃ២៤ធ្នូ
ផ្នែកឧតុនិយមបាននិយាយថា ការធ្លាក់ភ្លៀងពីមធ្យមទៅខ្លាំងទំនងជានឹងកើតមាននៅទូទាំងតំបន់ខាងត្បូងនិងកណ្តាលនៅថ្ងៃពុធ និងព្រហស្បតិ៍ដោយសារតែតំបន់សម្ពាធទាបនៅឯនាយឆ្នេរដែលអាចវិវត្តទៅជាវិសម្ពាធត្រូពិចមួយ។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ការងារជួយសង្គ្រោះកំពុងធ្វើឡើងដើម្បីជួយមនុស្សនៅតំបន់ជន់លិចខ្លាំង នៅពេលមនុស្សជាង៨១.០០០នាក់កំពុងជ្រកតាមមណ្ឌលភៀសខ្លួន។
ហ្វីលីពីនជាប់ជាប្រទេសងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ និងពួកអ្នកវិទ្យាសាស្ត្របានព្រមានថាព្យុះជាច្រើននឹងធ្វើដំណើរមកកាន់ប្រទេសនេះជាមួយនឹងកម្លាំងកាន់តែខ្លាំងឡើងៗនៅពេលផែនដីកាន់តែក្តៅឡើង៕
ព្យុះនិងទឹកជំនន់វាយប្រហារហ្វីលីពីនចំថ្ងៃគ្រីសម៉ាសនិងបន្តដល់ចុងខែ