ដោយ៖ ដេប៉ូ/ភ្នំពេញ៖ រំដេងព្រៃ (wild ginger)ជារុក្ខជាតិដែលត្រូវបានគេ ចេះកែច្នៃសម្រាប់ធ្វើម្ហូបបរិភោគ និងគេបានចេះយកមមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគជំងឺពិសេសរោគឆ្អល់ពោះ និងហើមពោះក្រោយស្ត្រីសម្រាលទារក ជាដើម។
យោងតាម ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ រំដេងព្រៃមានដើមកម្ពស់ ០,៦០-២ម៉ែត្រ មើមរាងមូលវែងមិនសូវបែកខ្នែង ស្លឹកវែង ២០-៣០x១-៥ស.ម។ ផ្កាជាចង្កោម នៅចុងដើម។ ផ្កាមានទងខ្លីៗ ត្របកផ្កាពណ៌បៃតងខ្ចី រាងជាបំពង់មានធ្មេញបីស្រទាប់ ផ្កាស ឬខៀវខ្ចីលាយបៃតង។ ស្រទាប់ធំពណ៌ស មានឆ្នូតពណ៌ក្រហម។
កេសរឈ្មោលមានពណ៌លឿង។ ផ្លែរាងមូលពណ៌បៃតងទៅជាក្រហមដល់ស្ងួត ហើយមានរាងទ្រវែង។ គ្រាប់មាន ៣-៥ ក្លិនក្រអូប។ មើមមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរ មានជាតិប្រេងសំខាន់ៗជាច្រើន។ ផ្លែអាចយកទៅបរិភោគបាន។ ដុះតំបន់មានអាកាសធាតុក្តៅ នៅដីសើម។
ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
-គ្រឿងទេស: បង្កើនរសជាតិ និងក្លិនឈ្ងុយ
-ឱសថ: គេយកមើម និងស្លឹកថ្មីៗ មកដាំទឹកព្យាបាលរោគឆ្អល់ពោះ ឬហើមពោះក្រោយពេលសម្រាលកូន៕/R