ដោយៈសុផល/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា”ដែលជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលដែលបានចាត់ចែងរៀបចំដោយក្រសួងមុខងារសាធារណៈ និងសហការចូលរួមដោយធនាគារដៃគូ ចំនួន ៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។
ព្រឹត្តិការណ៍នៅរសៀលថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាព នៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផ្លូវការផងនិងជាប័ណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើ ប្រាស់សម្រាប់ មុខងារផ្សេងទៀតទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។
បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថាធនាគារអេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត(Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិលអាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលាប្រកប ដោយសុវត្ថិភាពខ្ពស់ជាពិសេសមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសនឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។លោកស្រីបណ្ឌិតបានជម្រាបជូនទៀតថាដើម្បីបំពេញតម្រូវ ការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្ត្រឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសេវាហិរញ្ញវត្ថុឱ្យ កាន់តែទូលំទូលាយ និងងាយស្រួល ធនាគារ អេស៊ីលីដា បាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការ ចំនួន ២៦៤សាខានិងសេវាកម្មធនាគារស្វ័យប្រវត្តិ ចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹមសរុបជាង ១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង ៤.១៤៦គ្រឿងនិងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេសគិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រីបណ្ឌិតបានបន្តថា៖អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្ត្រីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាតនិងតាមអនឡាញជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម្យ៉ាងវិញទៀតអាចធ្វើការដាក់ប្រាក់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃនិងអាបង្កើតប័ណ្ណនិមិត្តតាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរ ប្រាក់តាមម៉ាស៊ីនអេធីអឹមនៅគ្រប់ធនាគារឬស្ថាប័នហិរញ្ញវត្ថុនានបានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) យ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាពខ្ពស់បំផុតតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
លោកស្រីបណ្ឌិត បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាងនេះទៅទៀតជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿនដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក។ លើសពីនេះទៀត លោកស្រីបណ្ឌិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីទាំងអស់ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រនិងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ី លីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ២០២២នេះធនាគារអេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារ អាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើ ប្រាស់អេស៊ីលីដាម៉ូបាល ២,៦៤លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៩០.០០០ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២៕Ph