ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលស្ថិតនៅក្នុងភូមិសាមគ្គី ភូមិឃ្លាំងសាំង និង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងពិធីមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ លោកប្រធានការិយាល័យ លោកចៅសង្កាត់ឫស្សីកែវ ក្នុងពិធីនោះមានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឯក ឃុនដឿន បានរំលឹកដល់ប្រជាពលរដ្ឋឱ្យទុកដាក់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានល្អព្រោះនេះជាទ្រព្យដ៏មានតំលៃរបស់បងប្អូនហើយ។ នាឱកាសនោះដែរលោកអភិបាលខណ្ឌឫស្សីកែវបានធ្វើការចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ៣.០១៨ ប័ណ្ណ៕/R