ឡាយ វណ្ណៈ ៖​ឈប់​ឈូសឆាយ​ទន្ទ្រាន​ដី​អភិរក្ស​របស់​រដ្ឋ និង​កុំ​ជួល​ដី​ឲ្យ​វៀតណាម​

1703
ចែករម្លែក
  • 97
    Shares

(​តាកែវ​) ៖ អភិបាល​ខេត្តតាកែវ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​យក​ដី​តំបន់​អភិរក្ស​របស់​រដ្ឋ​បើ​មិន​ដូច្នេះ​ទេ​​អាជ្ញាធរ នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។​
​ ​
​បន្ទាប់ពី​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួន បាននាំគ្នា​ទន្ទ្រាន​ឈូសឆាយ​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​ដី​តំបន់​បឹង​ព្រែក​ល្ពៅ​ដែលជា​តំបន់​អភិរក្ស​សត្វ​ក្រៀល​នោះ កាលពី​ម្សិល​ម៉ិ​ញ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ដឹកនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ចុះទៅ​ពិនិត្យមើល​ទីតាំង​តំបន់​អភិរក្ស​ខាងលើ និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជាង​មួយរយ​នាក់​នៅក្នុង​ភូមិ​សង្គម​មានជ័យ ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ដើម្បី​ពន្យល់​ពួកគេ​ឲ្យ​បាន​យល់ដឹង​ពី​ដី​តំបន់​អភិរក្ស​របស់​រដ្ឋ​ដែល​ត្រូវបាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​​ការរំលោភបំពាន​ហើយ​ជាពិសេស​ទៅទៀត​។
​ ​
​លោក​អភិបាល​ក៏បាន​ធ្វើការ​ណែនាំ​ពលរដ្ឋ​ដែលមាន​ដី​ច្រើន មិនត្រូវ​ជួល​ឲ្យ​ជនជាតិ​វៀតណាម​នោះទេ​។​
​ ​
​លោក​បាន​លើកឡើងថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​ឈូសឆាយ​ទន្ទ្រាន​យក​ដី​តំបន់​ស្នូល​នៃ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ ដោយ​មានការ​ញុះញង់​ពី​ក្រុម​មេខ្យល់​ខិលខូច​មួយចំនួន ដែល​ពួក​មេខ្យល់​ខិលខូច​ទាំងអស់នោះ​ត្រូវបាន​អាជ្ញាធរ​កំណត់​​មុខសញ្ញា​អស់ហើយ ថា​នឹង​ចាត់​វិធានការណ៍​ផ្លូវច្បាប់​ចំពោះ​ពួកគេ​។ អាជ្ញាធរខេត្ត ត្រូវការពារ​ឲ្យ​បានជា​ដាច់ខាត​នូវ​ផ្ទៃដី​បឹង​ព្រែក​ល្ពៅ ដែលមាន​ទំហំ​ប្រមាណ​៨​ពាន់​ហិកតា​នេះ​។​
​ ​
​លោក​ឡាយ វណ្ណៈ បាន​បញ្ជាក់ថា អាជ្ញាធរ​មិនបាន​ដកហូត​ដី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពីមុន​ទេ​តែ​ចៀសវាង​ដាច់ខាត​ការ​ទៅ​ឈូស​​ឆាយ​ទន្ទ្រាន​ដី​របស់​រដ្ឋ​ថ្មីៗ​នេះ​ថែមទៀត បើ​នៅតែ​បន្ត​ការ​ឈូសឆាយ​ទន្ទ្រាន​ដី​របស់​រដ្ឋ​អាជ្ញាធរ​នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​​ជាក់​ជាពុំខាន​។​
​ ​
​ជាមួយគ្នានេះ លោក​អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ស្រង់​ស្ថិតិ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​​អត់​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត​ហើយ​ផ្ញើមក​អាជ្ញាធរខេត្ត ដើម្បី​ខេត្ត​ស្នើ​បន្តទៅ​ក្រសួងបរិស្ថាន និង​សម្ដេច​តេ​ជោ​ដើម្បី​កាត់​ដី​គម្រប​ព្រៃ​មួយ​​ផ្នែក​ណាមួយ​ចែកជូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើស្រែ​ចិញ្ចឹមជីវិត​។ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែលមាន​ដី​ច្រើន​មិនត្រូវ​ជួល​ដី​ឲ្យ​ជន​​ជាតិ​វៀតណាម​នោះទេ​។ រាជរដ្ឋាភិបាល​បានចេញ​សារា​ចរណ៍​ណែនាំ​អស់ហើយ ហើយ​អាជ្ញាធរខេត្ត ក៏បាន​ប្រជុំ​ប្រាប់​និង​បាន​ហៅ​ម្ចាស់​ដី​​មក​ប្រាប់​រួចរាល់​អស់ហើយ​ដែរ ដូច្នោះ​ប្រជាពលរដ្ឋ​ដែលមាន​ដី​ច្រើន​ត្រូវតែ​អនុវត្ត​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បានជា​ដាច់ខាត​គឺ​ចៀសវាង​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​៕ដោយ៖វិបុល

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ