ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Tesla បានបញ្ចេញវីដេអូលឿនៗនៃឡានដឹកទំនិញ Semiដើរដោយថាមពលអគ្គិសនីទាំងស្រុងរបស់ខ្លួន ដែលបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រ ខណៈផ្ទុកទម្ងន់បានជាង៣៧តោនក្នុងពេលសាកភ្លើងពេញ។
វីដេអូនេះបានបង្ហាញរថយន្តដឹកទំនិញធុនធំនេះធ្វើដំណើរពេញមួយយប់និងរុករកតាមដងផ្លូវហាយវេជាច្រើនដោយសុវត្ថិភាព។ អ្នកបើកបរមានវត្តមានជាប់លាប់រហូតក្នុងការបើកបរនេះ។
ក្រុមហ៊ុនរបស់លោកអេឡុន ម៉ាសបានប្រគល់រថយន្តដឹកទំនិញ Semi ទីមួយរបស់ខ្លួនឱ្យទៅក្រុមហ៊ុន PepsiCo កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពោលគឺប្រាំឆ្នាំបន្ទាប់ពីរថយន្តនេះត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូង។ ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈនេះបានបញ្ជាទិញរថយន្តដឹកទំនិញចំនួន ១០០ គ្រឿងក្នុងឆ្នាំ ២០១៧។
លោកម៉ាសបាននិយាយនៅក្នុងព្រឹត្តិការណ៍ប្រគល់រថយន្តដឹកទំនិញ Semi កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើអ្នកជាអ្នកបើកឡានដឹកទំនិញ ហើយអ្នកចង់បានឡានឡូយបំផុតនៅលើផ្លូវ នេះហើយជាឡានបែបនោះ”។
លោកបានបន្ថែមថា “យើងបានបញ្ចប់ដំណើរការដឹកទំនិញដំបូងរបស់យើងជាមួយនឹងចំនួនទំនិញដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន PepsiCo”។
ត្រឡប់ទៅឆ្នាំ ២០២០ មហាសេដ្ឋីបច្ចេកវិជ្ជាលោក ប៊ីល ហ្គេត បានប្រកែកនៅក្នុងសារបង្ហោះមួយថា រថយន្តដឹកទំនិញអគ្គិសនីនឹង “ប្រហែលជាមិនដំណើរការទេ” ដោយសារតែអាគុយនឹងមានទម្ងន់ធ្ងន់។
នៅពេលដែលលោកម៉ាសត្រូវបានសួរអំពីរឿងនេះនៅលើ Twitter លោកបាននិយាយថា លោកហ្គេតមិនដឹងរឿងស្អីនោះទេ។
យោងតាមវេបសាយរបស់ក្រុមហ៊ុន Tesla រថយន្ត Semi បានភ្ជាប់មកជាមួយនូវលក្ខណៈសុវត្ថិភាព ដែលអមជាមួយនឹងការគ្រប់គ្រងម៉ូទ័រនិងហ្វ្រាំងកម្រិតខ្ពស់សម្រាប់លំនឹងនិងការអូសទំនិញក្នុងគ្រប់លក្ខខណ្ឌទាំងអស់។
ក្រុមហ៊ុនក៏អះអាងដែរថា អាគុយរបស់រថយន្ត Semi អាចបញ្ចូលថ្មពេញ ៧០ ភាគរយក្នុងពេលតែ ៣០ នាទីប៉ុណ្ណោះ។
អ្នកបើកបរមានទីតាំងអង្គុយនៅកណ្តាលដើម្បីផ្តល់ឱ្យពួកគេនូវការមើលឃើញកាន់តែប្រសើរឡើង ខណៈក្រុមហ៊ុននិយាយថា ការរចនាអគ្គិសនីទាំងស្រុងនេះបានកាត់បន្ថយទាំងហានិភ័យនៃការក្រឡាប់និងការអង្គុយនៅខាងកាប៊ីនក្នុងករណីមានគ្រោះថ្នាក់។
ក្រុមហ៊ុន Pepsi និងក្រុមហ៊ុនដទៃទៀតដូចជា UPS, FedEx, Walmart និង Anheuser-Busch ដែលបានចុះកុងត្រាបញ្ជាទិញទុកជាមុន នឹងប្រើប្រាស់រថយន្ត Semi ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅគ្រាដែលប្រទេសជាច្រើនកំពុងជួបការលំបាកក្នុងការសម្រេចបានការបញ្ចេញកាបូន្យសូន្យ ដែលកំណត់ដោយបណ្តាទីភ្នាក់ងារអន្តរជាតិជាច្រើន៕
រថយន្តដឹកទំនិញ Semi ទីមួយត្រូវបានប្រគល់ជូនក្រុមហ៊ុន Pepsi កាលពីថ្ងៃព្រហស្បតិ៍