ដោយៈ គង់ហេង / កំពង់ចាម៖ ច្បាស់ហើយ នៅសប្តាហ៍ក្រោយ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋាន ស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក យូ ស៊ុនឡុង ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី អមដំណើរដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង បើកការដ្ឋានខាងលើ នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ នេះ។

សូមបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ជា បួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូ៊ណា ខេត្តកំពង់ចាម គឺក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយមានក្រសួងសាធារណការ និងដឹកជញ្ជួន ជាម្ចាស់គម្រោង, ក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស ក្វាងចូវ វ៉ានអាង ជាទីប្រឹក្សាត្រួតពិនិត្យ និងក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន ជាក្រុមហ៊ុនម៉ៅការ ៕/V/R