ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណជនថាៈ ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសនៅតាមគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ ៧កើត ដល់ថ្ងៃ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលពីព្យុះភ្លៀង។

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសរសេរទៀតថាៈ អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុកផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមករកទិញត្រី តាមពេលវេលា និងទីកន្លែង ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

ក្នុងលិខិតជូនដំណឹង បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជួយបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន តាមការគួរ៕/V/R