ដោយៈ ទេព មង្គល / ភ្នំពេញ៖ បានថ្លែងថាៈ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កំណត់ឱ្យ អ្នកបើកបរយានយន្តទាំងអស់ ជាពិសេស គឺអ្នកបើករថយន្តធំៗ ត្រូវតែធ្វើតេស្ត រកសារធាតុញៀន ជាកាតព្វកិច្ច ដោយមិនអាចអត់បាននោះឡើយ ហើយប្រសិន បើអ្នកបើកបរណា មានសារធាតុញៀន និងស្រវឹងស្រា នឹងត្រូវដកប័ណ្ណបើកបរ ហើយនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ.) ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយបញ្ចប់កិច្ច ប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយ ជាងច្បាប់ចាស់ ហើយ មន្រ្តីអន្តរក្រសួង ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ក៏បានឯកភាពគ្នាទាំងស្រុង ដើម្បីបញ្ជូនទៅស្ថាប័នរដ្ឋសភា នាដើមឆ្នាំ២០២៣ ខាងមុខនេះ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាៈ នៅក្នុងច្បាប់ចរាចរណ៍ថ្មី យើងអត់ និយាយជាក់លាក់ទេ ពាក់ព័ន្ធទោសបញ្ញត្តិ ប៉ុន្ដែមានឧទារហណ៍ថា កាលណា អ្នកបើកបរ រកឃើញសារធាតុញៀន យើងដកប័ណ្ណបើកបរគាត់ ហើយរហូតដល់ ពេលធ្វើតេស្ដ លើកក្រោយទៅ គាត់អត់មានសារធាតុញៀន បានអនុញ្ញាតឲ្យ បើកបរឡើងវិញ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាៈ អ្នកបើកបររថយន្តទាំងអស់ ត្រូវធ្វើ តេស្តគ្រឿងញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀន នឹងកំណត់ដោយ ប្រកាសអន្តរក្រសួង របស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំង មានការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថាៈ ការចាប់ផ្តើមធ្វើតេស្តនេះ គឺត្រូវធ្វើទៅលើ មជ្ឈដ្ឋានដែលតម្រូវចាំបាច់ ដូចជា រថយន្តធ្ងន់ធ្ងន់ រថយន្តដឹកភ្ញៀវទេសចរច្រើន ជាដើម ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ ” សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយ ជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាដំណាច់ឆ្នាំ២០២២ នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃ ស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ដែរ ” ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានតាក់តែងឡើង ដោយកែសម្រួល ខ្លឹមសារមាត្រាច្បាប់ចាស់ ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗ មួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ ដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការ បើកបរមានសារធាតុញៀន ៕/V/R