ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia)​កំពុង​សហការ​ជាមួយ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​ចីរភាព​វិស័ក​សិ​កម្ម​កម្ពុជា (CPSA) ដើម្បី​ពង្រីង​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ម​ហិ​ច្ឆិ​តា​«​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» របស់​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​។​

​ចាប់ពី​ខែធ្នូ​ឆ្នាំនេះ កម្មវិធី​ដែលមាន​រយៈពេល ១៨​ខែ​ដែល​គ្រប់គ្រង​ដោយ​អង្គការ CPSA​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​រួមមួយ​ដើម្បី​ពង្រឹងសមត្ថភាព​នៅ​ទូទាំង​ដំណាក់កាល​ផ្សេងៗ​រាប់​ចាប់ពី​ការដាំដុះ​រហូតដល់​ការស្វែងរក​ទីផ្សារ​ជាមួយនឹង​ការអនុវត្ត​កសិកម្ម​និង​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​។ តាមរយៈ​ការពង្រឹង​សមត្ថភាព​នេះ​កសិករ​កាន់តែច្រើន​នឹងមាន​លទ្ធភាព​ទទួលបាន​ធនធាន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​បង្កើន​ទិន្នផល ផលិតភាព និង​ប្រាក់ចំណូល​។ កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ជាមួយនឹង​កសិករ​ប្រមាណ ១៥០០​នាក់​ដែលជា​សមាជិក​របស់​ស​ហគ​មន៍​កសិកម្ម​នានា​នៅក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង​។​

​លោកស្រី Anne De Graaf នាយិកា​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖«​អង្ករ​មួយ​គ្រាប​មានតម្លៃ​ដ៏​ធំធេង​នៅ​សង្គម​កម្ពុជា​រាប់​ចាប់ពី​ការណ៍​ដែល​យកមក​ធ្វើជា​អាហារ​មូលដ្ឋាន​សម្រាប់​គ្រប់​គ្រួសារ​រហូតដល់​បង្កើត​បានជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​។ អង្ករ​ក៏​ជា​គ្រឿងផ្សំ​សំខាន់​មួយ​ផងដែរ​នៅក្នុង​ស្រា​បៀរ​មួយចំនួន​របស់​យើង​។ ក្នុងនាម​ជា​អ្នក​រួមចំណែក​យ៉ាងសកម្ម​ដល់​សេដ្ឋកិច្ចជាតិ យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការងារ​ដោយ​ប្រយោល​ជាច្រើន​ដែល​យើង​គាំទ្រ​តាមរយៈ​ខ្សែសង្វាក់​នៃ​ផលិតកម្ម​ទាំងមូល​របស់​យើង ជាពិសេស កសិករ​របស់​យើង​មាន​តួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យ​កសិកម្ម​នាពេល​អនាគត​។ តាមរយៈ​ការចាប់ផ្តើម​កម្មវិធី​នេះ​ជាមួយ​អង្គការCPSAយើង​សង្ឃឹមថា​នឹងធ្វើ​កិច្ចការ​កាន់តែច្រើន​ថែមទៀត​ក្នុងការ​គាំទ្រ​សហគមន៍​ជុំវិញ​យើងក៏ដូចជា​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​ស្របតាម​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​រាជរដ្ឋាភិបាល ដូច្នេះ​រួមគ្នា​យើង​អាចធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​»​។

​លោក លី សិរី​ឫទ្ធិ នាយក​គ្រប់គ្រង​អង្គការ CPSA បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងការ​លើក​កម្ពស់​និង​អនុវត្ត​កម្មវិធី​ដ៏​មានតម្លៃ​នេះ​តាមរយៈ​គោលដៅ​រួម​របស់​យើង​ក្នុង​ការបង្កើត​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ​បរិ​យាប​ន្ន ឋិតថេរ និង​និរន្តរភាព​។ វិស័យ​ស្រូវ​គឺជា​គន្លឹះ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​ហើយ​ការអនុវត្ត​កម្មវិធី​ប្រកបដោយ​និរន្តរភាព​នេះ​គឺជា​កត្តាចាំបាច់​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ភា​គី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យ​នេះ​នាពេល​អនាគត​»​។​

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្រើប្រាស់​អង្ករ​ក្នុងស្រុក ១០០​ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើជា​គ្រឿងផ្សំ​ផលិត​ស្រា​បៀរ​មួយ​ចំ​នួ​ដូចជា​ម៉ាក​ស្រា​បៀរ Anchor និង Tiger ជាដើម​។​ដើម្បី​បង្កើន​ភាព​វិលជុំ​ក្នុង​ខ្សែសង្វាក់​តម្លៃ​ស្រូវ​ដល់​កម្រិត​អតិបរមា​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​ក្រោម​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនBerkeley Energy Commercial Industrial Solutions (BECIS)​ក៏​ប្រើប្រាស់​អង្កាម​ដែល​នាំយក​មកពី​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​និង​កសិករ​ផងដែរ ដើម្បី​បង្កើត​ថាមពល​កម្ដៅ​កកើត​ឡើងវិញ​១០០​ភាគរយ​នៅ​រោងចក្រ​ជីវម៉ាស​របស់​ក្រុមហ៊ុន​នៅ​ខណ្ឌ​ច្បារអំពៅ​នៃ​រាជធានី​ភ្នំពេញ​ដែលជា​រោងចក្រ​ជីវថាមពល​ដ៏​ធំ​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដោយ​យោងតាម​ប្រព័ន្ធ​តិច​ណូ​ឡូ​ជី​របស់​រោងចក្រ​មួយ​នេះ​។ ការប្រើប្រាស់​អង្កាម​ធ្វើជា​ប្រភព​ឥន្ធនៈ​បានប្រែក្លាយ​កាកសំណល់​កសិកម្ម​និង​សរីរាង្គ​ដែល​ត្រូវបាន​បោះចោល​ដោយ​រោង​ម៉ាស៊ីនកិនស្រូវ និង​កសិករ​ទៅជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​កសិក​ម្ម​។​

​មហិច្ឆតា​រយៈពេល​វែង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​មាន​គោលបំណង​លើកកម្ពស់​ការរួមចំណែក​ជា​វិជ្ជមាន​តាមរយៈ​សសរ​ស្តម្ភ​សំខាន់ៗ​ចំនួន​បី​គឺ និរន្តរភាព​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ ជាមួយនឹង​គោលដៅ​ចូលរួមចំណែក​ឆ្ពោះទៅរក​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែ​ស្មើភាព និង​កាន់​តែមាន​សុខភាព​ល្អ​៕Ph