ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មនុស្សរាប់សិបនាក់បានស្លាប់ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យណូអែល ខណៈព្យុះរដូវរងានិងខ្យល់ត្រជាក់ខ្លាំងបានបោកបក់ពាសពេញសហរដ្ឋអាម៉េរិក កាណាដា និងជប៉ុន ដោយផ្តាច់ចរន្តអគ្គិសនី និងបង្កភាពចលាចលក្នុងការធ្វើដំណើរ។
ខណៈព្យុះរដូវរងាមិនមែនជារឿងចម្លែក វាជាភាពសាហាវព្រៃផ្សៃនិងបរិមាណព្រិលដ៏ច្រើនដែលបង្កឡើងដោយព្យុះចុងក្រោយបង្អស់នេះទេដែលធ្វើឱ្យអ្នកឧតុនិយមនិងមន្ត្រីក្នុងតំបន់ព្រួយបារម្ភ ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក កន្លែងដែលព្យុះព្រិលនៅតំបន់អាកទិកបានប៉ះពាល់ដល់ទូទាំងប្រទេសរហូតដល់ព្រំដែនជាមួយម៉ិកស៊ិក។
កាសែត The Straits Times ពិនិត្យមើលមូលហេតុទំនងមួយចំនួនសម្រាប់កម្រិតដ៏ខ្លាំងនៃព្យុះនេះនិងថាតើការប្រែប្រួលអាកាសធាតុអាចមានតួនាទីដែរឬយ៉ាងណា។
១. តើមានអ្វីកើតឡើងនៅសហរដ្ឋអាម៉េរិកនិងកាណាដា?
ខ្យល់ត្រជាក់ខ្លាំងពីតំបន់អាក់ទិកបានផ្លាស់ទីទៅភាគខាងត្បូងដោយសារតែការចុះខ្សោយនៃគំរូចរាចរណ៍បរិយាកាស។
ជាធម្មតា អាកាសធាតុត្រជាក់របស់តំបន់អាក់ទិកត្រូវបានហ៊ុមព័ទ្ធជាប់ដោយខ្យល់ប៉ូលវ៉ូធិក (Pole Vortex) ជាក្រុមបង្វិលជុំដ៏ធំនៃខ្យល់ត្រជាក់ដែលវិលជុំវិញរយៈទទឹងចុងភាគខាងជើង គឺស្រដៀងនឹងការវិលនៃទ្រនិចនាឡិកាដែរ។ វាបង្កើតជាព្រំដែនរវាងខ្យល់ត្រជាក់នៅប៉ូលខាងជើងនិងខ្យល់ក្តៅនៅប៉ូលខាងត្បូង។
ប៉ុន្តែពេលខ្លះខ្យល់វ៉ូធិកអាចត្រូវបានរំខាន។ វាត្រូវបានអមដោយការប្រែប្រួលរបស់ល្បឿនខ្យល់លឿនដែលបោកបក់ពីខាងលិចទៅខាងកើត ដែលបង្កើតបានជារលកដូចពស់វិលជុំវិញពិភពលោក។
ជួនកាល ខ្យល់វ៉ូធិកបែងចែកជាបំណែកៗ ដែលផ្លាស់ទីទៅភាគខាងត្បូង ហើយវាអាចលាតសន្ធឹងដូចកៅស៊ូកងយ៉ាងអ៊ីចឹង។
នេះជាអ្វីដែលហាក់បានកើតឡើងកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យខ្យល់ត្រជាក់ផ្លាស់ទីចេញពីតំបន់អាក់ទិកឆ្លងកាត់ប្រទេសកាណាដា និងចូលទៅក្នុងសហរដ្ឋអាម៉េរិក។
ប៉ុន្តែនេះក៏អាចកើតមាននៅផ្នែកខ្លះនៃទ្វីបអាស៊ីនិងអឺរ៉ុបផងដែរ។
ម៉ាស់ខ្យល់ត្រជាក់ដ៏ធំនេះត្រូវបានផ្សំជាមួយនឹងប្រព័ន្ធសម្ពាធទាបដែលមានកម្លាំងខ្លាំងឡើង ដែលគេហៅថា “ព្យុះស៊ីក្លូនគ្រាប់បែក”ដើម្បីបង្កឱ្យមានខ្យល់បក់បោកខ្លាំងនិងព្យុះព្រិលខ្លាំងនៅលើបឹងហ្គ្រេតឡេក (Great Lakes) និងបក់ចូលទៅក្នុងភាគអាគ្នេយ៍នៃប្រទេសកាណាដា។
២. តើមានការផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុទេ?
អ្នកវិទ្យាសាស្ត្រនៅកំពុងជជែកវែកញែកអំពីទ្រឹស្តីផ្សេងៗនៅឡើយ។
ប៉ុន្តែរឿងមួយដែលកំពុងទទួលបានការគាំទ្រនោះគឺតំបន់អាក់ទិកដែលឡើងកម្តៅយ៉ាងលឿនកំពុងរំខានដល់គំរូអាកាសធាតុ។តំបន់អាក់ទិកកំពុងឡើងកម្តៅលឿនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោករហូតដល់ទៅបួនដង ដែលមានន័យថា ភាពខុសគ្នានៃសីតុណ្ហភាពរវាងប៉ូលខាងជើងនិងត្រូពិចគឺមានតិចជាងមុន។
អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ការឡើងកម្តៅយ៉ាងលឿនកំពុងបណ្តាលឱ្យមានការរំខាននៅក្នុងខ្យល់ប៉ូលវ៉ូធិកតាមរយៈការប្រែប្រួលនៃចរន្តល្បឿនខ្យល់តំបន់ប៉ូល។ អ្នកខ្លះទៀតនិយាយថាការធ្វើគំរូតាមកុំព្យូទ័របង្ហាញថា កត្តាប្រែប្រួលបែបធម្មជាតិជាច្រើនកំពុងជំរុញឱ្យមានការរំខាន។
លោកបណ្ឌិត ជូដា ខូហិន (Judah Cohen)អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅក្រុមហ៊ុនវាយតម្លៃហានិភ័យអាកាសធាតុ Atmospheric and Environmental Researchនៅទីក្រុងឡេស៊ីងតោន (Lexington) រដ្ឋម៉ាសសាឈូសសេត បានប្រាប់កាសែត New York Timesថា ស្ថានភាពកាន់តែក្តៅបង្កើតបានជារលកបរិយាកាសកាន់តែធំនិងស្វាហាប់ជាងមុនដែលធ្វើឱ្យល្បឿនខ្យល់ប៉ូលកាន់តែមានកម្រិតខ្លាំងជាងមុននិងមានភាពកាច់កោងជាងមុន។
នោះគឺប៉ះពាល់ដល់ចរន្តខ្យល់ប៉ូលវ៉ូធិក។
អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេត្រូវការទិន្នន័យបន្ថែមនិងភស្តុតាងបន្ថែមទៀតដើម្បីឱ្យប្រាកដប្រជា។
ប៉ុន្តែមានភាពប្រាកដប្រជាច្រើនឡើងអំពីការជាប់ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុនិងកម្រិតទឹកភ្លៀងនិងព្រិលធ្លាក់។ នោះដោយសារតែបរិយាកាសកាន់តែក្តៅបានរក្សាសំណើមកាន់តែច្រើន ហើយទោះបីជាព្យុះរដូវរងាចុងក្រោយបំផុតនេះមានភាពត្រជាក់ខ្លាំងក៏ដោយ ក៏ប៉ុន្តែទិន្នន័យបង្ហាញថា សីតុណ្ហភាពរដូវរងាកាន់តែស្រាលជាងមុននៅទូទាំងពិភពលោក។
ជាទូទៅ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភាពត្រជាក់លែងសូវត្រជាក់និងមានរយៈពេលខ្លីជាងមុន នេះបើយោងតាមលោកបណ្ឌិត ផាទ្រីក ប្រោន (Patrick Brown) នៃវិទ្យាស្ថាន The Breakthrough នៅរដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ទស្សនាវដ្តី New Scientist ក្នុងខែធ្នូ។ លោកបានបន្តថា “នៅក្នុងរង្វាស់ដែលពិនិត្យមើលទៅកម្រិតត្រជាក់ខ្លាំង វាមិនត្រជាក់ខ្លាំងដូចមុនទេ”៕
អ្នកស្រុកដើរកាត់ព្រិលនៅទីក្រុងបាហ្វហ្វេឡូរបស់អាម៉េរិកកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២២