ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន TASS​របស់​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៨​ធ្នូ​ថា​ទាហាន​រុស្ស៊ី​ដែល​ជា​ផ្នែក​នៃ​កំណែន​ទ័ព​រឺ​ទាហាន​ទើប​រើស​ចូល​ថ្មី​សម្រាប់​ប្រតិបត្តិ​​ការ​យោធា​ក្នុងប្រទេស​អ៊ុ​យក្រែន នឹង​មាន​សិទ្ធិ​យក​មេ​ជីវិត​ឈ្មោល​របស់​ពួកគេ​មក​បង្កក​ទុក​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ធនាគារ​រក្សា​សរីរាង្គ​។​

​ដោយ​ដកស្រង់​សម្តី​ប្រធាន​សហភាព​មេធាវី​រុស្ស៊ី លោក អ៊ី​ហ្គ័​រ ទ្រូ​នូវ (Igor Trunov) ទីភ្នាក់ងារ​សារព័ត៌មាន TASS​បាន​រាយការណ៍​ថា​ក្រសួង​សុខាភិបាល​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​​គាត់​សម្រាប់​ជំនួយ​ថវិកា​ជាមួយ​ផែនការ​នេះ​។​

​លោក​ទ្រូ​នូវ​និយាយថា ក្រសួង “​បានកំណត់​លទ្ធភាព​នៃ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ថវិកា​សហព័ន្ធ​សម្រាប់​ការថែរក្សា​ទុក​កោសិកា​មេ​ជីវិត​ឈ្មោល​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​កេណ្ឌ​​ឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​សម្រាប់​ឆ្នាំ ២០២២-២០២៤”​។​

​គ្រួសារ​ក៏​អាច​ប្រើ​មេ​ជីវិត​(​ទឹកកាម​)​ដែល​បាន​រក្សា​ទុក​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។​

​រុស្ស៊ី​បាន​កោះហៅ​ទាហាន​បម្រុង​ជាង ៣០០.០០០ នាក់​ដើម្បី​គាំទ្រ​នូវ​អ្វី​ដែល​ខ្លួន​ហៅថា “​ប្រតិបត្តិការ​យោធា​ពិសេស​” របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុ​យក្រែន នៅក្នុង​ចលនា​កេណ្ឌ​ទ័ព​មួយ​ដែល​បានចាប់ផ្តើម​​ក្នុង​ខែកញ្ញា​។​

​វិធានការ​នាំ​មនុស្ស​ទៅ​ធ្វើ​សង្គ្រាម​នេះ​បាន​ជំរុញ​ឱ្យ​បុរស​រុស្សី​រាប់សែន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​ដើម្បី​ចៀសវាង​ការជាប់​ជា​ទាហាន​កំណែន​ហើយ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ប្រឆាំង​ក្រុម​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​ដ៏​ធំ​បំផុត​ចាប់តាំងពី​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ចូល​ទៅក្នុង​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​៕

ទាហាន​កេណ្ឌ​នឹង​មាន​សិទ្ធិ​បង្ក​កមេ​ជីវិត​ដោយ​ឥតគិតថ្លៃ​