ដោយៈ សុផល / ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថាៈ ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ប្រទេសកម្ពុជា ទទួលបានទុនវិនិយោគ ក្នុងវិស័យសំណង់ ប្រមាណ ៦៨.៨៣៧.៥៤៣.៨០៥ លានដុល្លារអាមេរិក។

របាយការណ៍ដដែល បានឱ្យដឹងថាៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតសាងសង់ ចំនួន ៦១.៤១៨ គម្រោង ដែលមានផ្ទៃក្រឡា កម្រាលសំណង់សរុបចំនួនជាង ១៧៣ លានម៉ែត្រការ៉េ ។

ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាត សាងសង់ គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើង មាន ​១២៨ គម្រោង ស្មើនឹង ១៤២ អគារ។ ក្នុងនោះ នៅរាជធានីភ្នំពេញ ៨៧ គម្រោង ស្មើនឹង ៩៣ អគារ ខេត្តព្រះសីហនុ ចំនួន ១៤ គម្រោង ស្មើនឹង ១៦ អគារ និងខេត្តបន្ទាយមានជ័យ មានចំនួន ១៣ គម្រោង ស្មើនឹង ១៥ អគារ ។ អគារចាប់ពី ៥ ជាន់ ទៅ ៩ ជាន់ មានចំនួន ៩៩ អគារ ពី ១០​ ជាន់ ទៅ ១៩ ជាន់ មាន ២៤ អគារ ពី ២០ ជាន់ ទៅ ២៩ ជាន់ មានចំនួន ១៣ អគារ និងពី ៣០ ជាន់ ទៅ ៣៩ ជាន់ មានចំនួន ៦ អគារ៕/V/R