ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង នាយឧត្តមសេនីយ៍ ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

បន្ទាប់ពីជំនួបសមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងគោលបំណង លើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាង ភាគី ទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកបានឲ្យដឹងថា ក្នុងជំនួបនេះ សមភាគីទាំងពីរបាន រំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅ ក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពី ការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ច ខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខ ដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមាន វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះ អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃ ប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពី មូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម។
បញ្ជាការដ្ឋានកងទ័ពជើងគោកបានបានបន្តថា ក្នុងឱកាសនៃ ជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើង គោកនៃសាធារណរដ្ឋកូរ៉េ” ក្នុងគោលបំណងលើកកម្ពស់ ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និង មនុស្សធម៌។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរ បានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត៕srn / N